ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបករណ៍នេសាទ ដែលបោះចោលជិតកន្លះតោន ក្នុងទីជម្រកធម្មជាតិបាទសមុទ្រ កោះរ៉ុង ត្រូវបានសង្គ្រោះដោយក្រុមអ្នកជ្រមុជទឹក ១៧រូប

3 ម៉ោង មុន
  • ព្រះសីហនុ

រាជធានីភ្នំពេញ ៖ តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយមានទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក ១៧រូប បានសង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយបានប្រមូលឧបករណ៍នេសាទ ដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន ។

ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរំដោះបាតសមុទ្រ នៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់ ។

អ្នកនាង អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ៖ «ក្រសួងមានការកោតសរសើរ និងក្តីរំភើប នៃដំណក់ញើស និងការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង ១៧រូប ក្នុងរយៈពេលនៃការមុជទឹកទាំង ២លើក ក្នុងរយៈពេលតែ ២ម៉ោង គឺជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូដ៏ល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេសអ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្រ» ។

អ្នកនាង អ៊ឹម រចនា សង្កត់ធ្ងន់ថា មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោនដែលធ្លាប់តែជា «អន្ទាក់មរណៈ» យាយីសត្វអណ្តើកសមុទ្រ ផ្សោត និងបំផ្លាញផ្កាថ្ម ត្រូវបានដកហូតចេញជាស្ថាពរ ដែលនេះជាសកម្មភាពជាក់ស្តែងក្នុងការផ្ដល់ជីវិត និងដង្ហើមជាថ្មីដល់មហាសមុទ្រ ។ ជោគជ័យនេះស្តែងឱ្យឃើញថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី នោះយើងពិតជាអាចការពារធនធានធម្មជាតិរបស់យើងបានប្រកបដោយចីរភាព ។

គួរបញ្ជាក់ផងដែរថា ឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ ឬ Ghost Gear សរុបចំនួន ៤៧០ គីឡូក្រាម ដែលត្រូវបានក្រុមការងារប្រមូលបានពីតំបន់ប៉ប្រះផ្កាថ្ម និងជម្រកស្មៅសមុទ្រនាពេលនេះ រួមមាន ៖ អួនអូស (Trawl net) ចំនួន ៤០០គីឡូក្រាម, លបនេសាទ (Fishing trap) ចំនួន ៣០គីឡូក្រាម, មងក្រឡា (Gill net) ចំនួន ១៥គីឡូក្រាម, សន្ទូចខ្សែវែង (Long line) ចំនួន ៥គីឡូក្រាម, ខ្សែសន្ទូច (Fishing line) ចំនួន ៣គីឡូក្រាម ព្រមទាំងសំណល់ផ្សេងៗទៀត (Other items) ចំនួន ១៧គីឡូក្រាម ។

ទិន្នន័យជាក់លាក់ទាំងអស់នេះ ត្រូវបានកត់ត្រាយ៉ាងហ្មត់ចត់ ដើម្បីទុកជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់អគ្គនាយកដ្ឋានជលផលក្នុងការរៀបចំផែនការសកម្មភាព ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សសមុទ្រកម្ពុជា បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ជលផល ប្រកបដោយចីរភាពទៅថ្ងៃអនាគត ។

សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍ប្រមូលឧបករណ៍នេសាទនេះ ធ្វើឡើងក្រោមយុទ្ធនាការ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ ២០២៦» កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ ដោយក្រុមអ្នកជ្រមុជទឹក បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន ២លើក និងប្រមូលបានឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ (ដូចបានរៀបរាប់ខាងលើ) ចេញពីតំបន់ស្នូលជីវចម្រុះ ។ ក្នុងយុទ្ធនាការនេះផងដែរ ក៏មានវត្តមានលោកអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអភិបាលរងនៃគណៈអភិបាលក្រុងកោះរ៉ុង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានជលផល ក្រុមហ៊ុនខ្មែរដាយគ្រុប (KDG) អង្គការគាំពារធនធានសមុទ្រ (MRPO) អង្គការសត្វព្រៃ និងរុក្ខជាតិ (F&F) និងមូលនិធិកោះសង្សារ (SSF) ផងដែរ ៕