ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​វា.យ​ប្រ.ហារ​អ៊ីរ៉ង់​ជា​លក្ខណៈ​ការ​ពារ​ខ្លួន​ ព្រម​ទាំង​​វា.យ​ទី​តាំង​ជើង​ទម្រ​មីស៊ីល​ផង​ដែរ

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ យោធា​អាមេរិក​ថ្លែង​ថា​ខ្លួន​បាន​វាយ​ប្រហារ​ជា​លក្ខណៈ​ការ​ពារ​ខ្លួន​កាល​ពី​យប់​មិញ​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់​ភាគ​ខាង​ត្បូង​។ នៅ​ក្នុង​ចំណោម​នោះ​ អាមេរិក​ក៏​វាយ​ប្រហារ​ទី​តាំង​ដាក់​ជើង​ទម្រ​បាញ់​មីស៊ីល និង​ទូក​ប្រើ​ប្រាស់​សម្រាប់​ដាក់​ពង្រាយ​គ្រាប់​មីន​នៅ​លើ​ផ្ទៃ​សមុទ្រ​ផង​ដែរ​។ ដូច្នេះ​ អាមេរិក​នៅ​តែ​វាយ​ប្រហារ​អីចឹង​ទោះ​បី​លោក​ត្រាំ​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ថា​ដំណើរ​ការ​ចរ​ចា​រីក​ចម្រើន​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់​ក៏​​ដោយ​។ មាន​ន័យ​ថា​ជា​នយោបាយ​វាយ​គ្នា​ផង និង​ចរ​ចា​គ្នា​ផង​។

វរសេនីយ​ធីម ហ័រ​ឃីន (Tim Hawkins) ដែល​ជា​អ្នក​នាំ​ពាក្យ​បញ្ជា​ការ​ដ្ឋាន​កណ្ដាល​​​យោធា​អាមេរិក​ថ្លែង​ថា​ការ​វាយ​ប្រហារ​លើក​នេះ​​ធ្វើ​ឡើង​ដើម្បី​ការ​ពារ​កង​ទ័ព​របស់​យើង​ដែល​រង​ការ​វាយ​ប្រហារ​ពី​កង​ទ័ព​អ៊ីរ៉ង់។ ប៉ុន្តែ​ពួក​យោធា​ខិត​ខំ​អត់​ធ្មត់​ណាស់​នៅ​អំឡុង​ពេល​នៃ​បទ​ឈប់​បាញ់​នេះ​។ សេចក្ដី​លម្អិត​នៃ​ការ​វាយ​ប្រហារ​នោះ​មិន​ទាន់​ទទួល​បាន​ភ្លាមៗ​នោះ​ទេ​ ឧទាហរណ៍ដូច​ជា​ថា​តើ​ការ​គំរាម​កំហែង​ពី​សំណាក់​កង​ទ័ព​អ៊ីរ៉ង់​ទៅ​លើ​កង​ទ័ព​អាមេរិក​នោះ​គំរាម​លើ​អ្វី​ខ្លះ​? ម៉្យាង​ទៀត​ ថា​តើ​អាមេរិក​ធ្វើ​ដូច្នេះ​ចង់​មាន​ន័យ​ដូច​ម្ដេច​ខណៈ​ដែល​ភាគី​ទាំង​២​​កំពុង​ចរ​ចា​គ្នា​?

កាល​ពី​មុន​នេះ លោក​ត្រាំ​ថ្លែង​ថា​ប្រសិន​បើ​មាន​កិច្ច​ព្រម​ព្រៀង​បញ្ចប់​សង្គ្រាម​​​គួរ​ណាស់​រួម​បញ្ចូល​ទាំង​ប្រទេស​ដទៃ​ទៀត​ដូច​ជា​អារ៉ាប៊ី​សាអូឌីត និង​ប៉ាគី​ស្ថាន​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​អា​ប្រាហាម​ អឹខត (Abraham Accord) ដែល​ជា​កិច្ច​ព្រម​ព្រៀង​សម្រប​សម្រួល​ដោយ​អាមេរិក​តាំង​ពី​ពេល​លោកត្រាំ​កាន់​អំណាច​នៅ​អាណត្តិ​ទី​មួយ​។ កិច្ច​ព្រមព្រៀង​នេះ​មាន​គោល​ដៅ​ធ្វើ​ប្រក្រតី​កម្ម​​ទំនាក់​ទំនង​ជា​មួយ​អ៊ីស្រាអែល​។

ការ​ស្នើ​សុំ​របស់​ត្រាំ​កើត​មាន​ឡើង​ចំ​ពេល​ដែល​ការ​ចរ​ចា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អ៊ីរ៉ង់​កំពុង​រង​ការ​រិះ​គន់​ពី​ក្រុម​អ្នក​សា​ធារណ​រដ្ឋ​និយម​ដូច​គ្នា​​។ ពួក​គេ​ចង់​ឱ្យ​ត្រាំ​ប្រកាន់​ជំហរ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​បន្តិច​ចំពោះ​អ៊ីរ៉ង់​។ បើ​ដូច្នេះ​មែន​ វានឹង​បន្ថែម​ភាព​ស្មុគ​ស្មាញ​ផ្នែក​ការ​ទូត​ថែម​ទៀត​ដែល​ធ្វើ​ឱ្យ​ការ​ចរ​ចា​មិន​ងាយ​ត្រូវ​រ៉ូវ​គ្នា​នោះ​ឡើយ​។ លោក​ត្រាំ​យល់​ថា​អារ៉ាប៊ី​សា​អូឌីត និង​កាតា​គួរ​តែ​ជា​​ភាគី​ដែល​អាច​ចុះ​ហត្ថ​លេខា​ជា​បណ្ដើរៗ​តាំង​ពី​ពេល​នេះ​​ឱ្យ​ហើយ​​​ទៅ​ រួម​ជា​មួយ​ប៉ាគីស្ថាន តួក​គី អេហ្ស៊ីប និង​ហ្សក​ដង់​។ បារ៉ែន​ និង​អារ៉ាប់​រួម​ជា​ប្រទេស​ដំបូង​គេ​បំផុត​ដែល​ចូល​រួម​កិច្ច​ព្រម​ព្រៀង​នេះ​កាល​ពី​ឆ្នាំ​២០២០​៕ ប្រ​ភព៖ AP និង​ប្រភព​ដទៃ​ទៀត​​