ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ (​បង្កាត់​-​ភ្ញាស់​) ប្រភេទ​ត្រី​ឆ្ពិន ដើម្បី​បំប៉ន​កូន​ត្រី សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​និង​កំពុង​ដំណើរការ​ផលិត​ពូជ​ត្រី (​បង្កាត់​-​ភ្ញាស់​) ប្រភេទ​ត្រី​ឆ្ពិន ដើម្បី​បំប៉ន​កូន​ត្រី សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ជូន​វា​រី​វប្បករ​ក្នុង​ខេត្តកំពង់ស្ពឺ និង​តំបន់​ផ្សេង​ៗ​។

នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ បាន​និង​កំពុង​អនុវត្ត​ការងារ​ផលិត​ពូជ​ត្រី (​បង្កាត់​-​ភ្ញាស់​) ប្រភេទ​ត្រី​ឆ្ពិន ស្រប​តាម​លក្ខណៈ​បច្ចេកទេស​វារីវប្បកម្ម ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​កូន​ត្រី​មានគុណ​ភាព ជូន​ដល់​វា​រី​វប្បករ និង​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ត្រី ក្នុង​ខេត្តកំពង់ស្ពឺ ក៏​ដូច​ជា​បណ្តា​ខេត្ត​ផ្សេង​ៗ​។

ការ​ផលិត​ពូជ​ត្រី​នេះ ត្រូវ​បាន​អនុវត្ត​ចាប់ពី​ការ​ជ្រើសរើស​មេ​ពូជ​ដែល​មាន​សុខភាព​ល្អ ការ​ថែទាំ​មេ​ពូជ ការ​បង្កាត់ ការ​ភ្ញាស់ និង​ការ​បំប៉ន​កូន​ត្រី ដោយ​អនុវត្ត​តាម​វិធាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បី​ធានា​បាន​នូវ​អត្រា​រស់រាន និង​គុណភាព​កូន​ត្រី​ខ្ពស់ សម​ស្រប​សម្រាប់​ការ​ចិញ្ចឹម​បន្ត និង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដូវ​បង្កាត់​ភ្ញាស់​កូន​ត្រី​បាន​ចាប់ផ្តើម​ហើយ ដែល​ជា​ពេលវេលា​សម​ស្រប​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​វា​រី​វប្បករ ត្រៀម​រៀបចំ​ស្រះ អាង​ចិញ្ចឹម ប្រព័ន្ធ​ទឹក និង​សម្ភារៈ​ចាំបាច់​នានា សម្រាប់​ការ​ចិញ្ចឹម​ត្រី​ឱ្យ​មាន​ប្រសិទ្ធភាព​។ ទន្ទឹម​នឹង​នេះ អ្នក​ចិញ្ចឹម​គួរ​សិក្សា​ស្វែង​យល់ និង​ជ្រើសរើស​ប្រភេទ​ត្រី​ដែល​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់ ងាយស្រួល​ថែទាំ មាន​អត្រា​លូតលាស់​ល្អ និង​ប្រជាពលរដ្ឋ​និយម​បរិភោគ ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​។

ជាមួយ​គ្នា​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ស្ពឺ នឹង​បន្ត​ពង្រឹង​ការងារ​បច្ចេកទេស​វារីវប្បកម្ម ការ​ផលិត​ពូជ​ត្រី និង​ការ​ផ្តល់​ការ​ណែនាំ​បច្ចេកទេស​ជូន​ប្រជាពលរដ្ឋ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និរន្តរភាព និង​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​សន្តិសុខ​ស្បៀង​ក្នុង​មូលដ្ឋាន​ផង​ដែរ​៕​