ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាស​ត្រៀម​វា.យ​ប្រ.ហារ​ទី​តាំង​​ច្រើន​កន្លែង​នៅ​​​ទី​ក្រុង​កៀវ​ដើម្បី​ស.ង​សឹក​អ៊ុយ​ក្រែន​ដែល​វា.យ​ទី​តាំង​ស៊ីវិល

1 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​ប្រកាស​កាល​ពី​យប់​មិញ​ថា​ខ្លួន​ត្រៀម​វាយ​ប្រហារ​ជា​ខ្សែ​សង្វាក់​ទៅ​លើ​គោល​ដៅ​នានា​នៅ​រដ្ឋ​ធានី​កៀវ​របស់​អ៊ុយ​ក្រែន​ដែល​គោល​ដៅ​ទាំង​នោះ​មាន​ទំនាក់​ទំនង​ជា​មួយ​យោធា​អ៊ុយ​ក្រែន​ ហើយ​ខ្លួន​ក៏​ត្រៀម​វាយ​ប្រហារ​អគារ​របស់​រដ្ឋាភិបាល​ថែម​ទៀត​ផង​។ រុស្ស៊ី​អំពាវ​នាវ​ឱ្យ​ជន​ជាតិ​បរទេស​ចាក​ចេញ​ជា​ប្រញាប់​។ ការ​ថ្លែង​របស់​រុស្ស៊ី​ដូច​ខាង​លើ​នេះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ខ្លួន​វាយ​ប្រហារ​ទី​ក្រុង​កៀវ​យ៉ាង​ខ្លាំង​ក្លា​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន​ លោក​អាន​ឌ្រី ស៊ី​ប៊ី​ហា (Andrii Sybiha) បាន​ជំរុញ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​កុំ​ចុះ​ចាញ់​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​ឱ្យ​សោះ​។ ចំណែក​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ថ្លែង​ថា​សមាជិក​ទាំង​២៧​ប្រទេស​នៃ​សហ​ភាព​អឺរ៉ុប​ក៏​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​អ៊ុយ​ក្រែន​ដែរ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ លោក​សឺហ្គេ​ ឡាវរ៉ូស (Sergei Lavrov) ថ្លែង​ប្រាប់​សមភាគី​អាមេរិក លោក​រូប៊ីអូ​ថា​គម្រោង​វាយ​ប្រហារ​របស់​រុស្ស៊ី​លើក​នេះ​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​វាយ​​ប្រ​ហារ​បែប​ភេរវ​កម្ម​របស់អ៊ុយ​ក្រែន​ទៅ​លើ​ជន​ស៊ី​វិល​នៅ​រុស្ស៊ី​។

សេចក្ដី​ថ្លែង​ការណ៍​របស់​រុស្ស៊ី​សរសេរ​រៀប​រាប់​ថា​កង​ទ័ព​រុស្ស៊ី​ត្រៀម​វាយ​ប្រហារ​ជា​ខ្សែ​សង្វាក់​ទៅ​លើ​ទី​តាំង​នានា​ស្ថិត​នៅ​ក្នុង​រដ្ឋ​ធានី​កៀវ​ដែល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​សម្រាប់​​​បម្រើ​ឱ្យ​កង​ទ័ព​នៅ​ក្នុង​ករណី​ដែល​ពួក​គេ​ត្រូវ​ការ​។ ក្រៅ​ពី​នេះ រុស្ស៊ី​ក៏​ត្រៀម​វាយ​ប្រហារ​មជ្ឈ​មណ្ឌល​ដែល​ទទួល​ខុស​ត្រូវ​ខាង​ចេញ​សេច​ក្ដី​សម្រេច​ចិត្ត​​ផង​ដែរ​។ នៅ​ក្នុង​ការ​ចេញ​សេចក្ដី​ប្រកាស​កាល​ពី​មុន​នោះ រុស្ស៊ីអំពាវ​នាវ​ឱ្យ​ជន​ជាតិ​បរទេស ​រួម​ទាំង​ក្រុម​អ្នក​ការ​ទូត​ផង​ដែរ​ ប្រញាប់​ចាក​ចេញ​ពី​ទី​ក្រុង​កៀវ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។

រុស្ស៊ី​បាន​លើក​យក​ទឡ្ហីករណ៍​ដែល​អ៊ុយ​ក្រែន​វាយ​ប្រហារ​ដោយ​ចេតនា​ដោយ​ប្រើ​ប្រាស់​ដ្រូន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ទៅ​លើ​អគារ​ស្នាក់​នៅ​របស់​និស្សិត​នៅ​តំបន់​លូហាន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រុស្ស៊ី​។ យោធា​អ៊ុយ​ក្រែន​បាន​និយាយ​បដិ​សេធ​ថា​ខ្លួន​មិន​បាន​វាយ​ប្រហារ​ទី​នោះ​ដូច​ការ​ចោទ​ប្រកាន់​របស់​រុស្ស៊ី​ទេ​។ អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​វាយ​ប្រហារ​តែ​បញ្ជា​ការ​ដ្ឋាន​ដ្រូន​របស់​រុស្ស៊ី​នៅ​តំបន់​នោះ​តែ​ប៉ុណ្ណោះ​។ នៅ​ទី​ក្រុង​កៀវ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ដោះ​ស្រាយ​បោស​សម្អាត​អ្វី​ដែល​នៅ​សល់​ពី​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​សម្លាប់​មនុស្ស​២នាក់​ និង​របួស​៩១​នាក់​៕ ប្រ​ភព៖ Reuters និង​ប្រភព​ដទៃ​ទៀត