ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ចាត់​ទុក​ការ​លើកលែង​ទោស​ឱ្យ​លោក កឹ​ម សុខា ជា​ជំហាន​មួយ​បន្ថែម​ក្នុង​ការ​ពង្រឹង​​សាមគ្គី​ឯកភាព​ជាតិ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីបាន​ចាត់​ទុក​ការ​លើកលែងទោស​ឱ្យ​លោក កឹ​ម សុខា ថា ​ជា​ជំហាន​មួយ​បន្ថែម​​ក្នុង​ការ​ពង្រឹង​សាមគ្គី​ឯកភាព​ជាតិ​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រាជ
រ​ដ្ឋា​ភិ​បាល​ ។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ជូន​ថា ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​​កម្ពុជា តាំងពី​ជំនាន់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី រហូត​ដល់​សម្តេច​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ផ្សះ​ផ្សារ​បង្រួបបង្រួម​ជាតិ ដើម្បី​ពង្រឹង​ឯកភាព​ជាតិខ្មែរ តាម​រយៈ​សិល្បៈ​នៃ​ការ​ដឹកនាំ​ប្រកប​ដោយ​​គុណធម៌ និង​ពោរពេញ​ដោយ​ការ​សន្តោស​​ប្រោសប្រណី​ ។

អ្នកនាំពាក្យ​ដដែល​បាន​លើក​ឡើង​ថា ​ជាក់ស្តែង ការ​បញ្ចប់សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ជិត​៣​ទសវត្សរ៍ តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​នាំ​មក​នូវ​សន្តិភាព​ពេញលេញ និង​ការ​ផ្សះផ្សារ​បង្រួបបង្រួម​ជាតិ​ដ៏​ពិតប្រាកដ​មួយ​កាលពី​ចុងឆ្នាំ​១៩៩៨ ដែល​អនុញ្ញាត​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ អាច​រួមរស់​ជាមួយ​គ្នា​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​តែ​មួយ​រដ្ឋធម្មនុញ្ញ​តែ​មួយ និង​ការ​ឯកភាព​ទឹកដី​តែ​មួយ ក្រោម​ម្លប់​អង្គ​ព្រះមហាក្សត្រ ដែល​មិន​ធ្លាប់​មាន​រយៈពេល​ជាង​៥០០​ឆ្នាំ​ចុង​ក្រោយ បាន​បង្ហាញ​ច្បាស់​ពី​សិល្បៈ​នៃ​ការ​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់ និង​គុណធម៌​កម្រិត​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​​កម្ពុជា​។

ឯកឧត្តម​បន្ថែម​ថា ​គុណធម៌​ដ៏​ប្រពៃ​នេះ​ ត្រូវ​បាន​ថែរក្សា និង​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយដែល​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានការ​គោរព​ស្រឡាញ់ និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​តែ​ឈរជើង​យ៉ាង​រឹង​មាំ ក្នុង​នាម​ជា​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល និង​នៅ​តែ​ជា​ជម្រើស​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ពេល​អតីតកាល បច្ចុប្បន្ន និង​តទៅ​អនាគត​។

សូម​ជម្រាប​ថា ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី ក្នុង​ព្រះ​បរម​នាម និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​លើកលែងទោស​ដល់​លោក កឹ​ម សុខា តាម​សំណើរ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ។  

យោង​ព្រះរាជក្រឹត្យ​៖ មាត្រា​១៖ លើកលែងទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ កឹ​ម សុខា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥៣ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ​កំណត់​២៧​ឆ្នាំ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ​៧៩០ ក្រ XI  អ​.​ណ ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ ។ មាត្រា​២៖ ការ​លើកលែងទោស​នេះ​ អនុវត្ត​តែ​ចំពោះ​ទោស​ដាក់​ពន្ធនាគារ​ដែល​ជា​មូលទោស​ប៉ុណ្ណោះ ដោយ​មិន​អនុវត្ត​ចំពោះ​ទោស​បន្ថែម​ឡើយ​ ។ មាត្រា​៣៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ​ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ​ ៕