ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វកាំ​ប្រម៉ា២ក្បាល ត្រូវបាននាំយកមកផ្សាំងនៅក្នុងតំបន់​អង្គរ មុននឹងលែងឱ្យរស់នៅក្នុងព្រៃធម្មជាតិ

55 នាទី មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា (CWC) បាន​នាំ​យក​សត្វ​កាំប្រម៉ា​ចំនួន​២​ក្បាល​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ដើម្បី​ផ្សាំង​ទុក​មួយ​រយៈ មុន​នឹង​លែងឱ្យ​រស់នៅ​តាម​ធម្មជាតិ​ទៅ​ក្នុង​ព្រៃ​តំបន់​អង្គរ​។

លោក ទ្រី ស៊ី​ថេ​ង ប្រធាន​អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា​(CWC) ឱ្យ​ដឹង​ថា សត្វ​ប្រមា​ទាំង​ពីរ​ក្បាល​នេះ គឺ​លោក​បាន​ទទួល​ពី​មេបញ្ជាការ​យោធា​មួយ​រូប នៅ​តំបន់​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ​។ លោក បញ្ជាក់​ថា ជា យូរ​មក​ហើយ មេបញ្ជាការ​ទាហាន​ម្នាក់ បាន​ចិញ្ចឹមសត្វកាំ​​ប្រម៉ា​ សរុប​ចំនួន​៣​ក្បាល ក៏​ប៉ុន្តែ ប្រមា​មួយ​ក្នុង​ចំណោម​នោះ​បាន​ចាស់ ហើយ​ងាប់​។ បន្ទាប់​មក ក៏​មាន​សង្គ្រាម​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ​កើតឡើង​។ ដោយសារ​តែ​មេបញ្ជាការ​រូប​នោះ​រវល់​រឿង​ការពារ​ព្រំដែន​ខ្មែរ ហើយ​ម្យ៉ាងទៀត​គាត់​ចង់ឱ្យ​សត្វកាំ​​ប្រម៉ាដែល​គាត់​ចិញ្ចឹម​ទាំង​ពីរ​មាន​សុវត្ថិភាព​ផង ក៏​ប្រគល់​វា មក​ឱ្យ​អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា​យក​មក​ថែរក្សា​តែ​ម្ដង​។

លោក ទ្រី ស៊ី​ថេ​ង បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​យក​សត្វកាំ​​ប្រម៉ា​ទាំង​ពីរ​ក្បាល​មក​ថែរក្សា​នៅ​តំបន់​អង្គរ ដោយសារ​តែ​លោក​ចង់ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​ពេល​មក​ទស្សនា​អង្គរ គឺ​មិន​ត្រឹមតែ​ឃើញ​ប្រាសាទបុរាណ​តែ​ប៉ុណ្ណោះ​ទេ គឺ​ចង់ឱ្យ​ភ្ញៀវ​ទេសចរ បានឃើញ​ទាំង​សម្បត្តិ​ធម្មជាតិ និង​សត្វព្រៃ​ផង​ដែរ​។
លោក Nick Marx អ្នកជំនាញ​របស់​អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា​(CWC) និង​ជាទី​ប្រឹក្សា​ផ្នែក​ជីវចម្រុះ របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​ដឹង​ថា សត្វ​ប្រមា​ពីរ​ក្បាល ដែល​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ពេល​នេះ មិន ទាន់​ដោះ​លែងឱ្យ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ភ្លាម​ៗ​បាន​ទេ​។ អ្នកជំនាញ​ត្រូវ​ផ្សាំង​សត្វ​ទាំង​ពីរ​ឱ្យ​ស៊ាំ​នឹង​បរិស្ថាន​ជា​មុន​សិន មុន​ពេល​ដោះ លែង​សត្វ​ទាំង​ពីរ​ឱ្យទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដោយ​ខ្លួនឯង​។

លោក Nick Marx បញ្ជាក់​ទៀត​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​អង្គការ​គាំពារ​សត្វព្រៃ​កម្ពុជា បាន​យក​សត្វ​ប្រមា មក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដោះ​លែង​ក្នុង​ព្រៃអង្គរ​។ អ្នកជំនាញ​សត្វព្រៃ​រូប​នេះ បាន​បញ្ជាក់​ពីសារ​សំខាន់​នៃ​សត្វ​ប្រមា​ថា​សត្វ​នេះ ក៏​ដូច​ជា​សត្វព្រៃ​ដទៃ​ទៀត​ដែរ គឺ​មាន​តួនាទី​ជួយ​ឱ្យ​ប្រព័ន្ធ​ជីវចម្រុះ​ធម្មជាតិ​កាន់តែ​សម្បូរ​បែប​ឡើង តាម​រយៈ​ការ​ស៊ី​ផ្លែ ហើយ​ពាំគ្រាប់​យក​ទៅ​តាម​កន្លែង​ផ្សេង​ៗ ធ្វើ​ឱ្យ​កូន​ឈើ​ដុះ​លូតលាស់​។

ចំណែក លោក ជូ​រ៉ា ឌី​ណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេ​ដ្ឋា រចនាសម្ព័ន្ធ ឱ្យ​ដឹង​ថា នៅ​ក្នុង​ព្រៃ​តំបន់​អង្គរ ក៏​មាន​សត្វ​ប្រមា​មួយ​ចំនួន​កំពុង​រស់នៅ​ដែរ​។ ការ​ព្រ​លែង​សត្វ​ប្រមា​២​ក្បាល ដែល​បាន​ពី​តំបន់​ផ្សេង ឱ្យ​រស់នៅ​ក្នុង​តំបន់​អង្គរ គឺ​ពិតជា​ធ្វើ​ឱ្យ​ចំនួន​សត្វ​ប្រមា​នៅ​ក្នុង​ព្រៃអង្គរ មាន​ចំនួន​កើនឡើង​បន្ថែម​ទៀត​។ លោក ជូ​រ៉ា ឌី​ណា រំពឹង​ថា សត្វ​កាំប្រម៉ា​ចំនួន​២​ក្បាល ដែល​ព្រ​លែង​នៅ​ក្នុង​ព្រៃអង្គរ​ពេល​នេះ អាច​នឹង​មាន​សម្ព័ន្ធភាព​ជាមួយនឹង​សត្វ​ដែល​រស់នៅ​ក្នុង​ព្រៃអង្គរ​ជា​យូរ​មក​ហើយ ព្រមទាំង​ពួក​គេ​អាច​នឹង​បង្កើត​កូនចៅ​បាន​កាន់តែ​ច្រើន​នៅ​ពេល​ខាង​មុខ​ថែម​ទៀត​។

គួរ​បញ្ជាក់ ផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ ២០១៣ គម្រោង​ដោះ​លែង​សត្វព្រៃ​ក្នុង​ឧទ្យាន​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​អង្គការ Wildlife Alliance ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដោះ​លែង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ចូល​ក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​មាន​ដូច​ជា​៖ – សត្វ​ទោច​មកុដ (Pileated Gibbon) ចំនួន​១៧​ក្បាល​(​កើតកូន​បាន​ចំនួន​៩​ក្បាល​) ។ – សត្វ​ឈ្លូស (Red Muntjac) ចំនួន​៧​ក្បាល ។ – សត្វ​ស្វាព្រាហ្មណ៍ ឬ​ស្វា​ព្រាម (Silvered Langurs) ចំនួន​១២​ក្បាល (​កេ​ី​ត​កូន​បាន​១៨​ក្បាល​) ។ – សត្វ​សំពោចក្រអូប (Common palm Civets) ចំនួន​៧ ក្បាល ។ – សត្វ​ភេ​ខ្លួន​រលោង (Smooth- coated Otter) ចំនួន​១៥​ក្បាល​(​កើតកូន​បាន​ចំនួន​១២​ក្បាល​) ។ – សត្វ​ឆ្មា​ដាវ (Leopard Cat) ចំនួន​៣​ក្បាល ។

-សត្វ​កេងកង​តូច (Oriental Pied Hornbill) ចំនួន​៩​ក្បាល ។​- សត្វ​កេងកង​ធំ (Great Hornbill) ចំនួន​៦​ក្បាល ។

-សត្វ​ភូវាំង (Wreathed Hornbill) ចំនួន​៧​ក្បាល ។ – សត្វ​ក្ងោក (Peafowl) ចំនួន​៩​ក្បាល ។ – សត្វ​អ​ន្ស​ង (Common Water Monitor) ចំនួន​២​ក្បាល ។

-សត្វ​ពង្រូល (Sunda Pangolin) ចំនួន ២​ក្បាល និង សត្វ​ផ្សេង​ៗ មួយ​ចំនួន​ទៀត ដែល​មក​ដល់​បច្ចុប្បន្ន​សត្វ​ទាំង​អស់នេះ នៅ តែ មាន​វត្ត​មាននៅ​ទីនោះ​នៅឡើយ ក្រោម​ការ​យកចិត្តទុកដាក់​តាមដាន និង​ថែទាំ​ជា​ប្រចាំ​ពី​ក្រុមការងារ​៕