សម្តេចតេជោចាប់អារម្មណ៍អត្ថបទអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរ»
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាប់អារម្មណ៍អត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជាកាន់តែរឹងមាំឡើងផងដែរ»។
សម្តេចតេជោបានសរសេរលើបណ្តាញសង្គមថា ជាថ្មីម្តងទៀត ថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»។
សម្តេចថា «ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះ ដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេ ទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖
អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ» ។
លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឱ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ ។ ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឱ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។
ដូច្នេះ ប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ ។ ន័យ គឺសង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាមនៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេស ការវាយប្រហារតាមអាកាសអាចនាំឱ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។មិនថា វាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ ។
ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ ។ ប៉ុន្តែបញ្ហាគឺការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់
កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយ ហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ ។
អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ ។ ប៉ុន្តែមានបំណងបង្ហាញឱ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឱ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុលនិយមពេកនោះទេ។ ព្រោះការធ្វើដូច្នេះ នឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិត ។
ហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។
ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត ។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់ ។
ដូច្នេះ គំនិតរបស់នាយករដ្ឋមន្ត្រីអនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ ៕

ចែករំលែកព័តមាននេះ