ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលមានឈ្មោះក្នុងបញ្ជីខ្មៅ បែរជា​មានសិទ្ធិចូលរួម​ដេញថ្លៃយ៉ាងរំភើយ​

1 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ​ឈ្មោះ ម៉ៅ​ អេ​ង​ជឺ​ ជា​បុគ្គល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួងមហាផ្ទៃ ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ដាក់​សំណើ​ដេញថ្លៃ​កិច្ចសន្យា​ឃុំ​សង្កាត់​ដែល​នៅ​មាន​សុពលភាព​ពី​រដ្ឋបាល​រាជធានី​-ខេត្ត​ទាំង ​២៥​ ដែល​មាននៅ​ក្នុង​តារាង​តែ​មួយ​នោះ​បែ​ជា​ឈ្នះ​ការ​ដេញថ្លៃ​គម្រោង​ឆ្នាំ ​២០២៦ ​ក្នុង​កិច្ចប្រជុំ​បើក​សំណើ​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​មេ របស់​សាលាសង្កាត់​កាចា​ញ ក្រុង​បាន​លុង​ទៅ​វិញ ​។

កិច្ចប្រជុំ​បើក​សំណើ​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​មេ របស់​សាលាសង្កាត់​កាចា​ញ​នោះ​បាន​ប្រ​ព្រឹត្តិ​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២១ ខែឧសភា ឆ្នាំ​ ២០២៦ ​កន្លង​ទៅ​នេះ​ ដែល​នាំ​ឱ្យ​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកតំណាង​ក្រុមហ៊ុន​ទទួល​ការ​ និង​អ្នក​សង្កេតការណ៍ខ្លះ​ បន្ទាប់​ពី​គណៈកម្មការ​លទ្ធកម្ម​បាន​បណ្តោយ​បុគ្គល​ជាប់ «​បញ្ជីខ្មៅ​» ចូលរួម​ប្រកួតប្រជែង រហូត​ទទួល​បាន​ជ័យ​លា​ភី ក្នុង​រូបភាព​បំពាន​បទបញ្ញត្តិ​របស់​ក្រសួងមហាផ្ទៃ​យ៉ាងធ្ងន់ធ្ងរ​ផង​នោះ​ ។

យោង​តាម​ប្រភព​ពី​អ្នកចូលរួម​កិច្ចប្រជុំ​លទ្ធកម្ម គឺ​មាន​គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ០.៤៨ គីឡូម៉ែត្រ ទទឹង​ ៦​ម៉ែត្រ កម្រាស់​ ០,១៥​ម៉ែត្រ ដែល​មាន​តម្លៃ​ប៉ាន់ស្មានសរុប​ជាង ៣២៦ លាន​រៀល (៣២៦,៥៧០,៦១៦ រៀល​) ត្រូវ​បាន​ប្រកាស​ឱ្យ​ក្រុមហ៊ុន «​ពង់​កា​រវិ​វ​ឌ្ឍ​» ដែល​មាន​តំណាង​ ​ដោយ​អ្នក​ដេញថ្លៃ​ឈ្មោះ ម៉ៅ អេ​ង​ជឺ ជា​អ្នក​ឈ្នះ​ការ​ដេញថ្លៃ​ក្នុង​តម្លៃ ២៩០,៤០០,០០០ រៀល (​ធ្លាក់​ចុះ​ ១១.០៧%)​ ។

ការ​សម្រេច​នេះ​បាន​បង្កើត​ជា​មន្ទិល​សង្ស័យ​ធំ​ៗ ដោយហេតុ​ថា ឈ្មោះ ម៉ៅ អេ​ង​ជឺ គឺជា​បុគ្គល​ដែល​ស្ថិត​ក្នុង «​បញ្ជីខ្មៅ​»​ លេខ​រៀង​ទី ​២៨ ក្នុង​ចំណោម​អ្នក​ទទួល​ការ​ចំនួន ៣៧ ក្រុមហ៊ុន ​។ យោង​ឯកសារ ជម្រាប​ជូន​ឯកឧត្តម លោក​ជំទាវអភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត លេខ ០៧៦ ស​ជ​ណ​/​របប របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២៥ បញ្ជី​ឈ្មោះ​អ្នក​ទទួល​ការ​ដែល​ត្រូវ​បាន​ដកសិទ្ធិ​មិន​ឱ្យ​ដាក់​សំណើ​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ សង្កាត់​ ឬ​”​ធ្វើ​ជា​តំណាង​ក្រុមហ៊ុន​ណាមួយ​ក្នុង​ការ​ដាក់​សំណើ​ដេញថ្លៃ​កិច្ចសន្យា​ឃុំ សង្កាត់ ឬ​ធ្វើ​ជា​អ្នក​ទទួល​ការ​បន្ត​”​ ក្នុង​ការ​អនុវត្ត​កិច្ចសន្យា​ឃុំ សង្កាត់ ​។

ជាក់ស្ដែង​កិច្ចប្រជុំ​បើក​សំណើ​ដេញថ្លៃ​គម្រោង​សាងសង់​ផ្លូវ​បេតុង​អា​មេ ឆ្នាំ​ ២០២៦ របស់​សាលាសង្កាត់​កាចា​ញ ក្រុង​បាន​លុង កាលពី​ព្រឹក​ថ្ងៃ​ទី ​២១ ខែឧសភា ឆ្នាំ​ ២០២៦​ កន្លង​ទៅ​នេះ​បុគ្គល​ឈ្មោះ ម៉ៅ អេ​ង​ជឺ អតីត​ប្រធាន​ក្រុមហ៊ុន សុ​ធិ​រាជ ខន​ស្ត្រា​ក់សិន ដែល​ជាប់​ឈ្មោះ​ក្នុង​ “​បញ្ជីខ្មៅ​” ​ប្រកាស​ដោយ​ក្រសួងមហាផ្ទៃ​បាន​ចូលរួម​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន «​ពង់​កា​រវិ​វ​ឌ្ឍ​» យ៉ាង​រំភើយ​ទៅ​វិញ ​។

ករណី​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន​ដាក់​សំណួរ​ចំ​ៗ​ទៅ​កាន់គណៈកម្មការ​លទ្ធកម្ម​សង្កាត់​កាចា​ញ និង​មន្ត្រី​ជំនាញ​នៃ​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តរតនគិរី ថា​ហេតុ​អ្វី​បានជា​មើល​រំលង និង​បើកដៃ​ឱ្យ​មានការ​អនុវត្ត​ផ្ទុយ​ពី​បទបញ្ញត្តិ​របស់​ក្រសួងមហាផ្ទៃ និង​សៀវភៅ​ណែនាំ​កិច្ច​លទ្ធកម្ម​ឆ្នាំ ​២០១៧ របស់ គ​.​ជ​.​អ​.​ប ដែល​តម្រូវ​ឱ្យ​មាន​តម្លាភាព និង​គ្មាន​ការ​ឃុបឃិត​ ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ និង​អ្នក​តាមដាន​សង្គម បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់ក្រសួងមហាផ្ទៃ និងអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) សូម​​ចុះ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង​ជុំវិញ​ដំណើរការ​ដេញថ្លៃ​មិន​ប្រក្រតី​នេះ ដើម្បី​ការពារ​ថវិកាជាតិ និង​ធានា​ភាព​យុត្តិធម៌​ក្នុង​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព