កម្លាំងចម្រុះខេត្តរតនគិរី សម្រុកឆែកឆេរ១២៤ទីតាំង និងត្រួតពិនិត្យជនបរទេសជាង៦០០នាក់
- រតនគិរី
ខេត្តរតនគិរី ៖ រយ:ពេល២ថ្ងៃនៃប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរ ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ ខេត្តរតនគិរី បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន១២៤ទីតាំង និងបានត្រួតពិនិត្យជនបរទេសសរុបចំនួន៦៦១នាក់ (ស្រី១៤នាក់) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិ
សាស្ត្រខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងរយៈពេល០២ថ្ងៃចុងក្រោយនេះ ក្រោមបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់បទបញ្ជាតឹងរឹងដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំង៩ ដើម្បីចុះប្រតិបត្តិការទ្រង់ទ្រាយធំឆែកឆេរត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប និងធនធានសរុប ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ ទទួលបានដូចខាងក្រោម៖

១-បានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន៣១៤នាក់ ។ ២-បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន១២៤ទីតាំង ។ ៣-បានត្រួតពិនិត្យជនបរទេស សរុបចំនួន៦៦១នាក់ (ស្រី១៤នាក់) ក្នុងនោះ រួមមាន៖ ជនជាតិចិន ជនជាតិវៀតណាម ជនជាតិកូរ៉េខាងត្បូង ជនជាតិឥណ្ឌា និងជនជាតិម៉ាឡេស៊ី ។ ៤-បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ (ទីតាំង សម្ភារៈ និងមនុស្ស) ក្រោមការសម្របសម្រួល នីតិវីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ ។

កិច្ចសហប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តរតនគិរី ចូលរួមសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាច មានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕











ចែករំលែកព័តមាននេះ