រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រាប់ពលរដ្ឋកុំឱ្យធ្លា.ក់ក្នុងអន្ទា.ក់ការងារក្លែងក្លាយ និងការបោ.កប្រាស់តាមអនឡាញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងឆបោកអនឡាញ ទាមទារឱ្យមានឆន្ទៈរួម និងសកម្មភាពរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។ អំពើជួញដូរមនុស្ស និងបញ្ហាប្រឈមនៃទេសន្តរប្រវេសន៍ខុសច្បាប់ គឺជាវិបត្តិមនុស្សធម៌ជាសកល និងជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ ដែលមិនត្រឹមតែរំលោ.ភបំពានលើសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខជាតិ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ៖ យើងគួរតែចូលរួមបកស្រាយនូវល្បិចរបស់ឧក្រិដ្ឋជន ដើម្បីពន្យល់ ។ ដូច្នេះយើងត្រូវរាយការណ៍អំពីលំនាំនោះ ឬវិធីសាស្ត្របោកប្រាស់ដូចជា ការប្រើគណនេយ្យក្លែងក្លាយ ឬការផ្តល់ការងារក្លែងក្លាយ ការទាមទារប្រាក់មុន ការបង្ខំឆបោក ឬក៏ការគំរាមកំហែង ហើយយើងក៏ត្រូវតែផ្តល់ចំណេះដឹង អំពីការហានិភ័យការជួញដូរមនុស្សនេះ ទៅឱ្យប្រជាជនដឹងដល់សាធារណជន ។
តើហានិភ័យនៃការជួញដូរមនុស្សវាយ៉ាងម៉េច ? អ្នកដែលប្រព្រឹត្តិត្រូវប្រឈមមុខនឹងច្បាប់ មិនអាចគេចពីសំណាញច្បាប់បានទេ ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) គឺជាកិច្ចការរួមរបស់ស្ថាប័នរដ្ឋ សារព័ត៌មាន អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងវិស័យឯកជន ។ វាមិនមែនជារឿងដាច់ដោយឡែករបស់ក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិ ឬក្រសួងព័ត៌មាននោះឡើយ ។ ដូច្នេះ ការចូលរួមរបស់យើងម្នាក់ៗ គឺជាកម្លាំងសរុប ព្រោះបញ្ហានេះជាបញ្ហារួម ដែលទាមទារឱ្យយើងត្រូវសហការគ្នាបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងទាំងអំពើជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការពារប្រជាពលរដ្ឋកម្ពុជារបស់យើង ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវ និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ៖ «សូមកុំជឿលើការផ្តល់ការងារណាដែលគ្មានប្រភពច្បាស់លាស់ កុំផ្ញើឯកសារផ្ទាល់ខ្លួន ឬផ្ទេរប្រាក់ទៅឱ្យអ្នកដែលមិនស្គាល់អត្តសញ្ញាណ ដើម្បីជៀសវាងការចាញ់បោកក្រុមឧក្រិដ្ឋជន ហើយត្រូវប្រញាប់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ប្រសិនបើពិនិត្យឃើញ ឬមានការសង្ស័យលើករណីណាមួយ» ។
សូមបញ្ជាក់ថា ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍ មិនមែនជាកាតព្វកិច្ចរបស់ស្ថាប័នណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែវាទាមទារនូវ «ឆន្ទៈរួម និងសកម្មភាពរួម» ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់រូប
ចែករំលែកព័តមាននេះ