ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​របស់ CDRI និង ERIA ថា ពលករ​ខ្មែរ​ដែល​មក​ពី​ថៃ​ជាង ៦០​ម៉ឺន​នាក់ ​មានការ​ងារ​ធ្វើ ដែល​ផ្ទុយ​ពី​របាយការណ៍​របស់​សង់​ត្រា​ល់

54 នាទី មុន

​រាជធានីភ្នំពេញ​ ៖ វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា​(ERIA) បាន​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់​ទទួល​បានការ​ងារ​ធ្វើ​តាម​រយៈ​ការ​ផ្គូផ្គង​ការងារ​ទ្រង់ទ្រាយ​ធំ…

​រាជធានីភ្នំពេញ​ ៖ វិទ្យាស្ថាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) និង​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា​(ERIA) បាន​ផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់​ទទួល​បានការ​ងារ​ធ្វើ​តាម​រយៈ​ការ​ផ្គូផ្គង​ការងារ​ទ្រង់ទ្រាយ​ធំ ដែល​មាន​វេទិកា​ការងារ ពិ​ព័រ​ណ៌​ការងារ​ចល័ត និង​ការ​ពង្រីក​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​(TVET)​ ។

វិទ្យាស្ថាន CDRI និង ERIA បានឱ្យ​ដឹង​ថា​៖«​អតីត​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ធ្វើ​ប្រទេស​ថៃ​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការងារ​តាម​រយៈ​ការ​ផ្គូផ្គង​ការងារ​ទ្រង់ទ្រាយ​ធំ ដែល​ចូល​ធ្វើ​ការងារ​នៅ​តាម​បណ្ដា​ក្រុមហ៊ុន រោងចក្រ សហគ្រាស​។ ពួក​គាត់​ទទួល​បានការ​ងារ​តាម​រយៈ​វេទិកា​ការងារ កម្មវិធី​ពិ​រ​ព័​ណ៍​ការងារ​ចល័ត និង​ការ​ពង្រីក​កម្មវិធី TVET កាន់តែ​ទូលំទូលាយ​»​។

វិទ្យាស្ថាន​ទាំង​ពីរ​បាន​បន្ត​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​បង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ការងារ និង​ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ​របស់​ស្ថាប័ន​ជាតិ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ប៉ះពាល់​កម្លាំង​ពលកម្ម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ជុំវិញ​ការ​ចេញផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ទាំង​ពីរ​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា របាយការណ៍​ដែល​រក​ឃើញ​ដោយ​វិទ្យាស្ថាន​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​ទៅ​នឹង​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប៉ុន្ដែ​អាច​ទទួលយក​បាន​។

សម្រាប់​របាយការណ៍​របស់​ក្រសួង​ការងារ គិត​ត្រឹម​ពេល​នេះ អតីត​ពលករ ៦៥​ម៉ឺន​នាក់​ហើយ ដែល​មានការ​ងារ​ធ្វើ ដោយ​ក្នុង​នោះ​អតីត​ពលករ​ប្រមាណ​ជាង ៣៣​ម៉ឺន​នាក់​ទទួល​បានការ​ងារ​ធ្វើ​ក្នុង​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​កសិដ្ឋាន​ធំ​ៗ ព្រមទាំង​ទទួល​បាន​របប​សន្ដិសុខ​សង្គម ខណៈ​ដែល​ជាង ៣២​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ធ្វើការ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម ភោជនីយដ្ឋាន កសិដ្ឋាន និង​កន្លែង​លក់ដូរ​រាយ​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គាត់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ុន មេ​សា​។

លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​បានឃើញ​របាយការណ៍​របស់​វិទ្យាស្ថាន​ទាំង​ពីរ​នេះ គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ជាមួយ​តួលេខ​របស់​ក្រសួង ប៉ុន្ដែ​យើង​អាច​ទទួលយក​បាន ដែល​សម​ស្រប​ទៅ​តាម​អ្វី​ដែល​រាជរដ្ឋាភិបាល ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ធ្វើ​កន្លង​មក​»​។

បើ​តាម​លោក ស៊ុន មេ​សា របាយការណ៍​របស់ CDRI និង ERIA មាន​លក្ខណៈ​អាច​ទទួលយក​បាន និង​តំណាង​ឱ្យ​បទ​ពិសោធន៍ ដែល​អាច​វាយតម្លៃ​ជា​រួម​ចំពោះ​បងប្អូន​អតីត​ពលករ ​ដែល​វិល​ត្រឡប់​មក​ពី​ថៃ ខណៈ​ដែល​លោក​មើលឃើញ​ថា របាយការណ៍​របស់​សង់​ត្រា​ល់ មិន​មាន​សុក្រឹតភាព​ត្រឹមត្រូវ ដោយសារ​បញ្ហា​បច្ចេកទេស​នៃ​ការ​ស្ទង់​មតិ ដែល​នាំ​ឱ្យ​របាយការណ៍​នេះ​មិន​អាច​ឆ្លុះ​បញ្ចាំង ឬ​សន្និដ្ឋាន​ជា​រួម​ទៅ​លើ​អតីត​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​បាន​ទេ​ ៕ អត្ថបទសហការ