ខេត្តព្រះវិហារ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលក្បួនរថយន្តរបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បុកបន្តកន្ទុយគ្នាជាមួយនឹងម៉ូតូរ៉ឺម៉ករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៦ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ២៧នាទីថ្ងៃត្រង់ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ។ ក្នុងហេតុការណ៍នោះ ក្បួនរថយន្តបានបុកបន្តកន្ទុយគ្នា បន្ទាប់ពីមានការប៉ះទង្គិចជាមួយម៉ូតូរ៉ឺម៉កដឹកទំនិញមួយគ្រឿង ។
យោងតាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ គ្រោះថ្នាក់នេះបានបណ្តាលឱ្យរថយន្តក្នុងក្បួនចំនួន ០៤ គ្រឿង រងការខូចខាត ។ ក្នុងនោះមាន ០១ គ្រឿងខូចខាតធ្ងន់ធ្ងរ (ផ្នែកខាងមុខ) រហូតមិនអាចធ្វើដំណើរទៅមុខទៀតបាន ។ រថយន្ត ០៣ គ្រឿងទៀតរងការខូចខាតស្រាល ។
យោងតាមរបាយការណ៍បឋមបានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងមន្ត្រីរួមដំណើរទាំងអស់ ពុំមាននរណាម្នាក់រងរបួសនោះឡើយ ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅសម្របសម្រួល និងធ្វើការវាស់វែងតាមនីតិវិធី ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលចរាចរណ៍នៅតំបន់នោះឡើងវិញ ៕




ចែករំលែកព័តមាននេះ