ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះទឹកជំនន់សម្លាប់មនុស្ស ៦២នាក់ ​និងជាង ១,១លាននាក់រងផលប៉ះពាល់​នៅឥណ្ឌា

13 ម៉ោង មុន

ទីក្រុងញូវដេលី៖​ យ៉ាងហោចណាស់ ​មនុស្ស ៦២នាក់បានស្លាប់​និង ​៨នាក់ទៀតកំពុងបាត់ខ្លួន​ដោយសារគ្រោះទឹកជំនន់ដែលកំពុងបន្តវាយប្រហាររដ្ឋ​អាសាម​ ភាគឦសានប្រទេសឥណ្ឌា។ អាជ្ញាធរបានឱ្យដឹងថា ប្រជាពលរដ្ឋជាង ​១,១លាននាក់​កំពុងរងផលប៉ះពាល់ ខណៈទឹកជំនន់បានរាលដាលទៅដល់ ​២៥ស្រុក​។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ នៅថ្ងៃទី២៥ ខែកក្កដានេះ។

ទិន្នន័យផ្លូវការបង្ហាញថា ​ភូមិចំនួន ២,១០១​ត្រូវបានជន់លិច និងដីកសិកម្មជាង ​៥៦,៦០០ហិកតា​កំពុងស្ថិតក្រោមទឹក។ ទន្ទឹមនឹងនេះ អាជ្ញាធរបានបើក ​ជំរំសង្គ្រោះ ១៧០កន្លែង​និងមជ្ឈមណ្ឌលចែកចាយជំនួយជាង ​១,៣០០កន្លែង​ដើម្បីផ្តល់អាហារ និងទីជម្រកដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

អាជ្ញាធរឥណ្ឌាកំពុងបង្កើនប្រតិបត្តិការជួយសង្គ្រោះ ខណៈដៃទន្លេ​ជាច្រើននៃទន្លេព្រាហ្មបុត្រា ​នៅតែហូរលើសកម្រិតប្រកាសអាសន្ន។ ទឹកជំនន់គឺជាគ្រោះមហន្តរាយដែលកើតឡើងស្ទើររៀងរាល់ឆ្នាំនៅរដ្ឋអាសាម ក្នុងរដូវភ្លៀងមូសុង៕