ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​”មិនមែនជាការងារ NATO ទេ!” ប្រធានាធិបតីហ្វាំងឡង់ប្រកាសកាត់ផ្ដាច់សម្ព័ន្ធមិត្តយោធាអឺរ៉ុបពីភ្លើងសង្គ្រាមមជ្ឈិមបូព៌ា

4 ម៉ោង មុន

ប្រទេសហ្វាំងឡង់៖ ស្របពេលដែលស្ថានការណ៍រវាងអាម៉េ-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅដល់ចំណុចក្រហម ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានចេញមុខអះអាងយ៉ាងច្បាស់ៗកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិនៅមជ្ឈិមបូព៌ាមិនមែនជាបញ្ហារបស់អង្គការ…

ប្រទេសហ្វាំងឡង់៖ ស្របពេលដែលស្ថានការណ៍រវាងអាម៉េ-អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅដល់ចំណុចក្រហម ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានចេញមុខអះអាងយ៉ាងច្បាស់ៗកាលពីថ្ងៃព្រហស្បតិ៍ថា វិបត្តិនៅមជ្ឈិមបូព៌ាមិនមែនជាបញ្ហារបស់អង្គការ NATO ឡើយ ដោយលោកបានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តយោធាមួយនេះមានតួនាទីត្រឹមតែជាអង្គការការពារខ្លួនប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Xinhua និង Daily Finland ចុះផ្សាយនៅថ្ងៃទី២៧ ខែមីនានេះ។

ការលើកឡើងនេះគឺជាការគូសបន្ទាត់ខណ្ឌដាច់ពីគ្នាយ៉ាងច្បាស់រវាងសន្តិសុខអឺរ៉ុប និងជម្លោះដ៏រ៉ាំរ៉ៃនៅតំបន់ពែរ្ស ទោះបីជាភាពតានតឹងក្នុងតំបន់នោះកំពុងជះឥទ្ធិពលដល់ការគណនាសន្តិសុខរបស់អឺរ៉ុបក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំកំពូលនៃមេដឹកនាំកងកម្លាំងបេសកកម្មរួម (JEF) ចំនួន ១០ ប្រទេសនៅទីក្រុង Helsinki លោក Stubb និងមេដឹកនាំអឺរ៉ុបដទៃទៀតបានយល់ស្របថា វិបត្តិមជ្ឈិមបូព៌ាពិតជាបានបង្ហាញពីសារៈសំខាន់នៃសន្តិសុខផ្លូវទឹក និងផ្លូវពាណិជ្ជកម្មដែលជាបេះដូងនៃសេដ្ឋកិច្ចសកល ប៉ុន្តែពួកគេបានសម្រេចចិត្តផ្ដោតអាទិភាពខ្លាំងទៅលើការការពារតំបន់អាកទិក សមុទ្រខាងជើង និងសមុទ្របាល់ទិក ដែលជាតំបន់យុទ្ធសាស្ត្រស្នូលរបស់ពួកគេវិញ។ ក្រុមប្រទេស JEF ដែលដឹកនាំដោយអង់គ្លេស បានប្តេជ្ញាបន្តពង្រឹងការទប់ស្កាត់ការគំរាមកំហែងបែប Hybrid និងបង្កើនការគាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលនៅតែជាសសរទ្រូងនៃសន្តិសុខអឺរ៉ុប។

ជំហររបស់ប្រធានាធិបតីហ្វាំងឡង់នាពេលនេះ បានបង្ហាញពីការបែកបាក់មតិគ្នាយ៉ាងច្បាស់រវាងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុបខាងជើង ខណៈដែលមហាអំណាចវ៉ាស៊ីនតោនកំពុងជាប់ដៃក្នុងយុទ្ធនាការវាយប្រហារយ៉ាងសន្ធាប់លើអ៊ីរ៉ង់។ ការប្រកាសថា “NATO មិនពាក់ព័ន្ធ” នេះ ហាក់ដូចជាសារព្រមានមួយទៅកាន់រដ្ឋបាលលោក ត្រាំ ថាអឺរ៉ុបនឹងមិនអនុញ្ញាតឱ្យខ្លួនឯងធ្លាក់ចូលក្នុងភ្នក់ភ្លើងនៃសង្គ្រាមមជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យពួកគេខកខានក្នុងការការពារដែនដីរបស់ខ្លួនពីការគំរាមកំហែងដទៃទៀតនោះឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ