ខេត្តព្រះសីហនុ ៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអះអាងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ថា ខេត្តព្រះសីហនុ បានទាក់ទាញការស្នើសុំវិនិយោគ១៨គម្រោង ដែលមានទឹកប្រាក់សរុបប្រមាណជា ១៤៤លានដុល្លារ ។
គម្រោងនេះ ត្រូវបានបញ្ជាក់នៅក្នុងកិច្ចប្រជុំ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។
គម្រោងដែលទទួលបានការចាប់អារម្មណ៍ទាំងនេះ គឺរួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ និងគម្រោងអគារសហកម្មសិទ្ធិ ហើយបើគម្រោងទាំងនេះ ត្រូវបានអនុម័តនោះ ខេត្តព្រះសីហនុ អាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១.០០០កន្លែងទៀត ។
ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្រេចបានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ពាន់់លានដុល្លារ និងបង្កើតការងារ ជាង ៥៥.១២៤កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ២០៩គម្រោង, គម្រោងថ្មី ចំនួន ២១៧គម្រោង, គម្រោងពង្រីក ចំនួន ២៦គម្រោង, និងគម្រោងមានស្រាប់ ចំនួន ១៥គម្រោង ៕



ចែករំលែកព័តមាននេះ