ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជា​បាន​បង្ហាញ​ថា ការ​កសាង​ទំនាក់ទំនង​វិជ្ជាជីវៈ​ ដ៏​រឹង​មាំ​មួយ គឺ​អាស្រ័យ​លើ​ការ​ប្តេជ្ញា​ចិត្ត ចូលរួម​កិច្ច​សន្ទនា​សង្គម ប្រកបដោយ​ភាព​ស្មោះត្រង់ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ

5 ម៉ោង មុន

​រាជធានីភ្នំពេញ​ ៖ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ទំនាក់ទំនង​វិជ្ជាជីវៈ សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ (GFT) នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា…

​រាជធានីភ្នំពេញ​ ៖ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ទំនាក់ទំនង​វិជ្ជាជីវៈ សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ (GFT) នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​គូសបញ្ជាក់​ថា ផ្អែក​តាម​បទ​ពិសោធន៍​បាន​បង្ហាញ​ថា ការ​កសាង​ទំនាក់ទំនង​វិជ្ជាជីវៈ​ដ៏​រឹង​មាំ​មួយ​គឺ​អាស្រ័យ​លើ​ការ​ប្តេជ្ញា​ចិត្ត​ចូលរួម​កិច្ច​សន្ទនា​សង្គម​ប្រកបដោយ​ភាព​ស្មោះត្រង់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​ពិសេស ភាគី​និយោជក និង​បងប្អូន​កម្មករនិយោជិត​ផ្ទាល់ ​។

ក្នុង​វេទិកា​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរ​គុណ​ចំពោះ​ឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា និង​លោកស្រី Froukje Boele ប្រធាន​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) ដែល​បាន​សហការ​រៀបចំ​វេទិកា​នា​ពេល​នេះ ជា​វេលា​ដ៏​សម​ស្រប​មួយ​ខណៈ​ស្ថានភាព​ពិភពលោក​កាន់តែ​មិន​ប្រាកដប្រជា និង​ជះ​ផល​អវិជ្ជមាន​ជា​ច្រើន​លើ​សេដ្ឋកិច្ច ដែល​តម្រូវ​ឱ្យ​យើង​កាន់តែ​រួម​គ្នា​ជម្នះ​រាល់​ឧបសគ្គ​ស្វែងរក​ដំណោះស្រាយ ដើម្បី​អាច​រក្សា​បាន​នូវ​បរិយាកាស​វិនិយោគ និង​រក្សា​បាន​នូវ​ការងារ​ជូន​បងប្អូន​កម្មករនិយោជិត ជា​ពិស​ស​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (GFT)​ ។

ការ​ពង្រឹង​ការ​ស្វែង​យល់​ពី​គ្នា ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ជំរុញ​ការ​ប្តេជ្ញា​ចិត្ត​រួម​ចំពោះ​ការ​អនុវត្ត​ប្រកបដោយ​និរន្តរភាព និង​សុខដុមរមនា គឺជា​សសរស្តម្ភ​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ភាព​ជា​ដៃគូ​នេះ​បាន​វិ​វត្ត​ទៅ​ជា​គំរូ​ដែល​ទទួលស្គាល់​ជាស​កល ដោយ​ផ្តល់​នូវ​ការ​កែ​លម្អ​ជាក់ស្តែង​នៅ​ក្នុង​លក្ខខណ្ឌ​ការងារ ការ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ និង​តម្លាភាព​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ​។

ឯកឧត្តម​បញ្ជាក់​ថា កម្ពុជា​បន្ត​ពង្រឹង​យន្តការ​ទ្វេរ​ភាគី យន្តការ​ត្រីភាគី យន្តការ​ត្រីភាគី​បូក ដើម្បី​បង្កើត​បាន​នូវ​វប្បធម៌​កិច្ច​សន្ទនា​សង្គម ជា​ពិសេស​នៅ​កម្រិត​សហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បី​ធានា​បាន​នូវ​ភាព​សុ​ខុ​ដុម​នី​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ក្រសួង​ក៏​ពង្រឹង​ប្រព័ន្ធ​អធិការកិច្ច​ការងារ ដើម្បី​បង្កើន​ការ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ និង​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​, សុវត្ថិភាព​និង​សុខភាព​ការងារ និង​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ ស្រប​តាម​បទដ្ឋាន​ការងារ​អន្តរជាតិ ជា​ពិសេស អនុសញ្ញា​លេខ ៨៧ និង ៩៨ ដោយ​គិត​ត្រឹម​ខែកុម្ភៈ​ឆ្នាំ​២០២៦ អង្គការ​វិជ្ជាជីវៈ​ចំនួន ៦ ៨៩០​បាន​ចុះបញ្ជី ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​អនុសាសន៍​ឱ្យ​បន្ត​លើកទឹកចិត្ត​តួអង្គ​ទាំងអស់​ឱ្យ​ចូលរួម​ប្រកបដោយ​ន័យ​ស្ថាបនា​ក្នុង​យន្តការ​សន្ទនា​សង្គម​នៅ​គ្រប់​កម្រិត​, បន្ត​វិនិយោគ​លើ​ការ​កសាង​សមត្ថភាព ដើម្បី​ធានា​ថា​ទំនាក់ទំនង​វិជ្ជាជីវៈ​ប្រកបដោយ​វិជ្ជាជីវៈ តម្លាភាព និង​សុចរិត​ភាព ,​ម្ចាស់​ម៉ាក​ល្បី​ៗ និង​អ្នកបញ្ជា​ទិញ គួរ​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ពង្រឹង​វប្បធម៌​អនុលោម​ភាព ដើម្បី​ធានា​ថា​កម្ពុជា​នៅ​តែ​ធានា​បាន​ភាព​ប្រកួតប្រជែង និង​ជា​ប្រទេស​ដែល​ប្រភព​ទំនិញ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​សង្គម ​។

នា​ឱកាស​នោះ​ដែរ ឯកឧត្ដម Christian DesRoches ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា និង​លោកស្រី Froukje Boele ប្រធាន​គម្រោង ILO-BFC បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​កើត​ចេញពី​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​រដ្ឋាភិបាល និយោជក និង​សហជីព ក្នុង​ការ​ពង្រឹង​វិស័យ​ផលិតកម្ម និង​លើកកម្ពស់​សិទ្ធិ​កម្មករនិយោជិត តាម​រយៈ​សន្ទនា​សង្គម និង​កិច្ច​សហប្រតិបត្តិការ​។ ពួក​គាត់​ប្តេជ្ញា​គាំទ្រ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទំនាក់ទំនង​វិជ្ជាជីវៈ​ដ៏​រឹង​មាំ ដែល​ជួយ​បង្កើន​ផលិតភាព និង​ស្ថិរភាព​ការងារ ព្រោះថា​ការ​ចូលរួម​របស់​ភាគី​ទាំងអស់ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី នឹង​ជួយ​បន្ត​លើកកម្ពស់​វិស័យ​នេះ​ឱ្យ​មាន​ចីរភាព ​៕ អត្ថបទសហការ