សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស អាការៈក្អក មិនថាជាក្អកស្ងួត ឬក្អកមានស្លេស្ម សុទ្ធតែបង្កការរំខានដល់ការរស់នៅ និងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួនក្នុងចំណោមមនុស្សជុំវិញ។ មូលហេតុអាចមកពីការឆ្លងមេរោគក្នុងផ្លូវដង្ហើម អាឡែស៊ី ផ្សែងបារី ឬសូម្បីតែជំងឺច្រាលអាស៊ីដក្រពះ។ ដើម្បីជួយឱ្យលោកអ្នកឆាប់សះស្បើយ និងមានភាពស្រស់ស្រាយឡើងវិញ អ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រងាយៗដូចខាងក្រោម៖
ការជ្រើសរើស “ទឹកឧណ្ហៗ” មកទទួលទានឱ្យបានច្រើន ជាគន្លឹះដំបូងដ៏សំខាន់ ព្រោះវាជួយរំលាយស្លេស្ម និងផ្ដល់សំណើមដល់បំពង់កបានល្អជាងទឹកត្រជាក់។ ការងូតទឹកឧណ្ហៗ និងការប្រើប្រាស់ម៉ាស៊ីនផ្ដល់សំណើមក្នុងបន្ទប់គេង ក៏ជួយកាត់បន្ថយការរមាស់បំពង់ក ជាពិសេសសម្រាប់អ្នកដែលគេងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ បន្ថែមពីនេះ ការប្រើប្រាស់ថ្នាំបៀមដោះស្រាយការក្អក នឹងជួយសម្រាលការរលាកបំពង់កបានភ្លាមៗ។
ដើម្បីការពារកុំឱ្យអាការៈក្អកកាន់តែធ្ងន់ធ្ងរ អ្នកគួរ ជៀសវាងដាច់ខាតនូវផ្សែងបារី ទឹកអប់ ឬស្ពៃបាញ់ ដែលមានក្លិនឆួលខ្លាំង ព្រោះវាធ្វើឱ្យរលាកច្រមុះ និងបំពង់កកាន់តែខ្លាំង។ ការពាក់ម៉ាសការពារធូលីដី និងផ្សែងរថយន្តនៅតាមដងផ្លូវ ក៏ជួយការពារប្រព័ន្ធដង្ហើមរបស់អ្នកបានយ៉ាងប្រសើរ។ អ្វីដែលមិនអាចខ្វះបាន គឺការសម្រាកឱ្យបានច្រើន ដើម្បីឱ្យរាងកាយមានពេលជួសជុលខ្លួនឯង។
ប្រសិនបើអាការៈក្អកនៅតែបន្តលើសពី ១ ទៅ ២ សប្តាហ៍ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ និងទទួលបានការព្យាបាលត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ