ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំបន្ទាប់ពីនិយាយស្រួលៗដាក់អ៊ីរ៉ង់ត្រឹមតែប៉ុន្មានថ្ងៃ ឥឡូវនេះ លោកចាប់ផ្ដើមដំឡើងធ្មង់ និងប្រើភាសាគំរាមកំហែងវិញម្ដង។ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមថាអ៊ីរ៉ង់ត្រូវតែប្រកាន់ជំហរឱ្យបានម៉ឺងម៉ាត់បន្តិចក្នុងការចរចាសន្តិភាពជាមួយទីក្រុងវ៉ាស៊ីនតោន។ បើមិនដូច្នេះទេ ពួកគេអាចនឹងទទួលរងផលវិបាកធ្ងន់ធ្ងរ។ លោកសរសេរបន្តទៀតថាពួកគេ (អ៊ីរ៉ង់) យកល្អយកចិត្តទុកដាក់បញ្ហានេះឱ្យបានខ្លាំងក្លាបន្តិចនៅពេលដែលអ្វីៗមិនទាន់ហួសពេល។ លោកថានៅពេលដែលបញ្ហាមួយកើតឡើង វាមិនអាចបកក្រោយវិញបានឡើយ។

លោកត្រាំចាត់ទុកក្រុមអ្នកចរចាអ៊ីរ៉ង់និយាយហាក់ដូចមិនស៊ីសង្វាក់គ្នាសោះ ហើយហាក់ដូចជាប្រកាន់ឥរិយាបថចម្លែកៗ។ លោកអះអាងថាអ៊ីរ៉ង់កំពុងអង្វរងោចៗចង់បានកិច្ចព្រមព្រៀងជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាម។ ការធ្វើអត្ថាធិប្បាយរបស់លោកត្រាំថ្ងៃនេះបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់និយាយផ្ទុយគ្នាពាក់ព័ន្ធនឹងការចរចាសន្តិភាព។ អាមេរិកអះអាងថាការពិភាក្សាអំពីផែនការសន្តិភាពបានចាប់ផ្ដើមឡើងជាបណ្ដើរៗហើយ។

ចំណែកអ៊ីរ៉ង់ប្រកាសបដិសេធជានិច្ចថាគ្មានការចរចាគ្នាដោយផ្ទាល់ជាមួយអាមេរិកទេ។ រដ្ឋមន្ត្រីការបរទសអ៊ីរ៉ង់ថ្លែងប្រាប់សារព័ត៌មានថាមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់កំពុងពិនិត្យមើលសំណើរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកថារដ្ឋាភិបាលរបស់លោកគ្មានអារម្មណ៍ចង់ចរចាគ្នាជាមួយអាមេរិកទេ។ លោកចាត់ទុកថាការដែលប្រទេសទាំង២ឆ្លើយឆ្លងគ្នាដោយប្រយោលដោយមានប្រទេសទីបីធ្វើជាអ្នកនាំពាក្យនោះមិនអាចចាត់ទុកថាជាការចរចាគ្នាឡើយ។

បន្ទាប់ពីឮសម្ដីបែបនេះ លោកត្រាំក៏បង្ហោះសារឆ្លើយតបនៅលើបណ្ដាញសង្គម។ លោកថាអ៊ីរ៉ង់រងការវាយប្រហារឡើងខ្ទេចដូចបង្អួលទៅហើយ។ ហេតុនេះគ្មានឱកាសសូម្បីតែ០%ដើម្បីស្ដារកម្លាំងរបស់ខ្លួនឡើងវិញ។ ប៉ុន្តែពួកគេប្រកាសជាចំហថាពួកគេគ្រាន់តែពិនិត្យមើលសំណើររបស់អាមេរិកប៉ុណ្ណោះ។ ពួកគេនិយាយខុសហើយ។ សារព័ត៌មានផ្សាយថាអាមេរិកត្រៀមបញ្ជូនកងទ័ពទៅមជ្ឈិមបូព៌ារាប់ពាន់នាក់ទៀត។ អាមេរិកអាចនឹងវាយដណ្ដើមយកទីតាំងស្តុកប្រេងឆៅដ៏ធំរបស់អ៊ីរ៉ង់នៅលើកោះខាក (Kharg Island) ឬមិនដូច្នេះទេបើកច្រកហ័រម៉ូសដោយកម្លាំងយោធាប្រសិនបើការចរចាគ្នាលើកនេះបរាជ័យ។ ខាងលើនេះជាការប្រមើលមើលរបស់ក្រុមអ្នកវិភាគ៕ ប្រភព៖ ទូរទស្សន៍ស៊ីអឹនប៊ីស៊ី (CNBC) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ