ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរលួច ពីរនាក់បងប្អូនបង្កើតត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនបាន ខណៈដែលជនសង្ស័យជាប្អូនបានឡើងទៅលួចលុយ និងទូរស័ព្ទដៃ លើផ្ទះជនរងគ្រោះ ហើយជនសង្ស័យជាបងម្នាក់ទៀត កាន់ពូថៅគំរា.មម្ចាស់ បើហ៊ានតដៃ រូបគេ និងកា.ប់ សំណាងមិនល្អនគរបាលក្របួចជាប់ ។

ករណីប្អូនប្រុសឡើងលួចលុយ និងទូរស័ព្ទបងប្រុស និងកាន់ពូថៅចាំកា.ប់ម្ចាស់ផ្ទះខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា ជនសង្ស័យជាចោរដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ ម៉ៅ ដេត ភេទប្រុស អាយុ៣៣ឆ្នាំ ជាបងប្រុស និងទី២.ឈ្មោះ ម៉ៅ ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ ជាប្អូន រស់នៅក្នុងភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះមានឈ្មោះ យ៉ែម ឌំ ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកគងពិសីដដែលបានបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង៨និង១៥នាទី ព្រឹកថ្ងៃទី៨ ខែឧសភា មានករណីចោរកម្ម(លួចទ្រព្យសម្បត្តិ (លុយ និងទូរស័ព្ទដៃ) នៅផ្ទះរបស់ជនរងគ្រោះឈ្មោះ យ៉ែម ឌំ ភេទប្រុស អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានជនសង្ស័យឈ្មោះ ម៉ៅ ឌឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើកម្មភាពឡើងលើផ្ទះរបស់ឈ្មោះ យ៉ែម ឌំ លួចលុយបានចំនួន២៨០ ០០០រៀល និងទូរស័ព្ទដៃ០១គ្រឿង បានប្រហែល១៥នាទីក្រោយមកកូនស្រីរបស់ជនរងគ្រោះ បានឡើងទៅលើផ្ទះ ក៏ស្រាប់តែឃើញជនសង្ស័យឈ្មោះ ម៉ៅ ឌឿន នៅលើផ្ទះបស់ខ្លួនក៏បានស្រែកថា ចោរៗឲ្យគេជួយ ពេលលឺកូនស្រីស្រែកដូច្នេះឈ្មោះ យ៉ែម ឌុំ បានឡើងទៅលើផ្ទះ ហើយបានប្រតា.យប្រតប់ជាមួយជនសង្ស័យ បណ្ដាលឲ្យរងរបួសជើងខាងឆ្វេង ។

នគរបាលស្រុកគងពិសីបានបន្ថែមទៀតថា នៅពេលនោះឈ្មោះ ម៉ៅ ដេត ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនសង្ស័យជាចោរ ដែលរស់នៅក្បែរផ្ទះរបស់ជនរងគ្រោះ មានកាន់ពូថៅជាប់នឹងដៃ ហើយបានស្រែកប្រាប់ឈ្មោះ ម៉ៅ ឌឿន ត្រូវជាប្អូនថា ហ្អែងមិនបើកទ្វាររត់ចុះមក បើតា ឌុំ ដេញតាមចាំអញយកពូថៅកា.ប់ ។ បន្ទាប់មកឈ្មោះ ម៉ៅ ឌឿន ជាជនសង្ស័យ និងជាប្អូនបង្កើតក៏បានរត់ចុះមកក្រោមព្យាយាមគេចខ្លួន ។

ក្រោយទទួលបានព័ត័មាន និងការរាយការណ៍រួចមកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំមហាឫស្សី បានចុះមកដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់បងប្អូនយកមកប៉ុស្ដិ៍រដ្ឋបាលឃុំ ដើម្បីធ្វើការសួរនាំ ។ នគរបាលស្រុកគងពិសីដដែលបានបញ្ជាក់ថា ចំពោះវត្ថុតាងដែលជនសង្ស័យលួចរួមមាន: លុយ និងទូរស័ព្ទ បានប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បងប្អូនត្រូវបានឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ