រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿង ពុំដឹងថា អ្នកបើកបររវល់តែងាកទៅណា ឬស្រវឹងស្រាទាំងថ្ងៃនោះទេ ខណៈពេលបើកទៅដល់ត្រង់ចំណុចភ្លើងស្តុបមួយកន្លែង ស្រាប់តែជ្រុលទៅបុករះម៉ូតូ ចំនួន៥គ្រឿងដួលរេល ខណៈដែលម៉ូតូទាំងនោះ កំពុងឈប់រង់ចាំភ្លើងស្តុបលោតខៀវ បណ្ដាលឲ្យអ្នកជិះម៉ូតូ ១នាក់ របួសធ្ងន់ និង៤នាក់របួសស្រាល ដែលក្នុងនោះចំណោមនោះក៏មានស្ត្រីមានផ្ទៃពោះម្នាក់ផងដែរ ហើយម៉ូតូទាំង៥គ្រឿង រងការខូចខាត បន្ទាប់មកអ្នកបើករថយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុនេះបានកើតឡើង នៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបបាគូ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-3024 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបានរត់គេចខ្លួនបាត់។ ដោយឡែកម៉ូតទាំង៥គ្រឿងនោះ រួមមាន ៖ ម៉ាកហុងដាភីស៊ីអ៊ិច (Honda PCX) ចំនួន២គ្រឿង, ម៉ូតូម៉ាកហុងដាស្កូបពី (Honda Scoopy) ចំនួន២គ្រឿង និងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ (Honda Dream C125) ១គ្រឿង ។
ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុនោះ បាននិយាយថា នៅវេលាម៉ោងខាងលើ ម៉ូតូទាំង៥គ្រឿង បានបើកបរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ភ្លើងស្តុបបានលោតពណ៌ក្រហម។ ពេលនោះ អ្នកជិះម៉ូតូទាំង៥គ្រឿង ក្នុងនោះមានម្នាក់ ជាស្ត្រីមានផ្ទៃពោះផង បានឈប់រង់ចាំភ្លើងស្តុបលោតពណ៌ក្រហម ហើយបន្តិចក្រោយមក ក៏ស្រាប់តែរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ខាងលើនោះបើកបរស្របគ្នាក្នុងល្បឿនលឿនទៅដល់ល្មម ។
ប្រជាពលរដ្ឋ បាននិយាយប្រាប់ឲ្យដឹងបន្តទៀតថា គ្រានោះពុំដឹងថា អ្នកបើកបររថយន្តបង្កខាងលើរវល់តែងាកទៅណា ឬក៏ស្រវឹងស្រាទាំងថ្ងៃនោះទេ ទើបមិនបន្ថយល្បឿន ឬឈប់គោរពភ្លើងស្តុបឡើយ ហើយក៏ជ្រុលទៅបុករះពីក្រោយម៉ូតូ ៥គ្រឿងនោះ ទាំងកំរោលតែម្ដង ។ ជាហេតុបណ្ដាលឲ្យអ្នកជិះម៉ូតូ ដែលជាអ្នកដឹកអីវ៉ាន់អនឡាញ Foodpanda ម្នាក់ត្រូវរថយន្តខាងលើកិនពាក់កណ្ដាលខ្លួនរបួសធ្ងន់ ចំណែកស្ត្រីមានផ្ទៃពោះ លោតចេញទាន់ ហើតនាងរួម និងមនុស្ស៣នាក់ទៀតរបួសស្រាល រីឯម៉ូតូរងការខូចខាតទាំង៥គ្រឿង ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ចោលរថយន្ត ហើយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ បានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោចុះវាស់វែង រួចនាំយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំដោះស្រាយនាពេលក្រោយ ៕










ចែករំលែកព័តមាននេះ