ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ធ្លាប់ទេ? បោសសម្អាតផ្ទះយ៉ាងស្អាតបាត ប៉ុន្តែពេលបើកទ្វារចូលផ្ទះម្ដងៗ នៅតែធុំក្លិនផ្អូមមិនបាត់ទាល់តែសោះ។ បញ្ហានេះច្រើនតែកើតឡើងដោយសារសំណើមដក់ជាប់ ការខ្វះខ្យល់ចេញចូល ឬការសន្សំក្លិនមិនល្អនៅក្នុងគ្រឿងសង្ហារិមដូចជា សាឡុង វាំងនន និងកម្រាលព្រំជាដើម។ ប្រសិនបើអ្នកគ្រាន់តែបាញ់ទឹកអប់បិទបាំងក្លិន វានឹងជួយបានតែមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែប្រភពក្លិននៅតែបង្កបញ្ហាដដែល។
ដើម្បីដោះស្រាយបញ្ហាក្លិនផ្អូមអាប់ឱ្យដាច់ឫសគល់ អ្នកគួរចាប់ផ្ដើមពីការបើកបង្អួចឱ្យខ្យល់អាកាសចេញចូល និងឱ្យពន្លឺថ្ងៃជួយកម្ចាត់បាក់តេរីជារៀងរាល់ថ្ងៃ។ ការបោកសម្អាតវាំងនន កម្រាលព្រំ ឬស្រោមសាឡុងយ៉ាងហោចណាស់ម្ដងក្នុងមួយខែ ក៏ជារឿងចាំបាច់ ព្រោះរបស់ទាំងនេះគឺជាជម្រកដ៏ធំនៃក្លិនអាក្រក់។ ក្រៅពីនេះ ការលាងសម្អាតម៉ាស៊ីនត្រជាក់រៀងរាល់ ៦ ខែម្ដង នឹងជួយបង្ការការដុះផ្សិតដែលនាំឱ្យខ្យល់ដែលចេញមកមានក្លិនផ្អូម។
អ្នកក៏អាចប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដើម្បីជួយបឺតស្រូបក្លិនបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែយកធ្យូងអុស ម្សៅសូដា ឬកាកកាហ្វេ ដាក់ក្នុងចានតូចៗតាមជ្រុងបន្ទប់ ទូសម្លៀកបំពាក់ ឬទូរទស្សន៍។ ក្រូចឆ្មារ និងទឹកខ្មេះ ក៏ជាជំនួយការដ៏ពូកែក្នុងការបន្សាបក្លិនមិនល្អផងដែរ។ លើសពីនេះ ការដាំដើមឈើក្នុងផ្ទះមួយចំនួនដូចជា ដើមអណ្ដាតខ្លា ឬដើមម្លូប្រាក់ មិនត្រឹមតែជួយលម្អផ្ទះឱ្យស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយចម្រោះខ្យល់អាកាសឱ្យកាន់តែបរិសុទ្ធ។ ចងចាំថា ការបាញ់ទឹកអប់បិទបាំងក្លិនដោយមិនរក្សាបរិស្ថានឱ្យស្ងួតស្អាត គឺរឹតតែធ្វើឱ្យក្លិនផ្អូមកកកុញកាន់តែខ្លាំង ដូច្នេះការកម្ចាត់សំណើម និងការបង្កើនលំហូរខ្យល់ គឺជាគន្លឹះដ៏សំខាន់បំផុត៕
ចែករំលែកព័តមាននេះ