រាជធានីភ្នំពេញ ៖ ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។
ការប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កូនផ្សោតថ្មីនេះ មានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំដែលមានលេខកូដសម្គាល់២១។ នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦ ។
ការងារគ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ គឺជាការងារអាទិភាពមួយ នៅក្នុងចំណោមការងារអាទិភាពជាច្រើនផ្សេងទៀត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងសូមថ្លែងអំណរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារសត្វផ្សោត។ សត្វផ្សោត ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋ មានតម្លៃផ្នែកទេសចរណ៍ និងកំពុងបន្តនាំមកនូវកិត្យានុភាពសម្រាប់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូ ក្នុងការទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ឱ្យបានជាអតិបរមា ដើម្បីធានានិរន្តរភាពសត្វផ្សោតក្នុងទន្លេមេគង្គឱ្យឋិតថេរគង់វង្ស និងមានចំនួនកើនឡើងកាន់តែច្រើនថែមទៀតសម្រាប់កូនចៅជំនាន់ក្រោយ ៕



ចែករំលែកព័តមាននេះ