ទីក្រុងរ៉ង់ហ្គូន៖ ថ្ងៃនេះលោកមីនអុងឡាំងត្រូវបានបោះឆ្នោតតែងតាំងជាប្រធានាធិបតីពេញសិទ្ធិរបស់ប្រទេសមីយ៉ាន់ម៉ាសម្រាប់អាណត្តិថ្មីជាមួយនឹងសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា។ លោកទទួលបាន៤២៩សំឡេងគាំទ្រនៅក្នុងចំណោមអ្នកតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាដែលមានចំនួនសរុប៥៨៤រូប។ នេះជាការបោះឆ្នោតជាកញ្ចប់រួមគ្នាពីរដ្ឋសភាផង និងព្រឹទ្ធសភាផង។

ដូច្នេះអំណើះតទៅ ទោះបីមជ្ឈដ្ឋានខ្លះយល់ថាការបោះឆ្នោតនេះមានលក្ខណៈបែបណាក៏ដោយ ក៏លោកមីនអុងឡាំងឡើងអង្គុយកៅអីប្រធានាធិបតីស្របទៅតាមច្បាប់នៃប្រទេសរបស់លោក។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនេះ លោកក៏បានហែលឆ្លងនូវប្រវត្តិមិនធម្មតាផងដែរ។ មាគ៌ាឆ្ពោះទៅរកការឈោងចាប់អំណាចកំពូលនេះផ្ដើមចេញពីការធ្វើរដ្ឋប្រហារផ្ដួលរំលំលោកស្រីស៊ូជីកាលពីដើមឆ្នាំ២០២១។

ក្រោយមកកើតមានសង្គ្រាមស៊ីវិលរវាងរបបសឹកក្រោមការដឹកនាំរបស់លោកមីនអុងឡាំងជាមួយចលនាប្រឆាំងដែលធ្វើសកម្មភាពរាប់សិបឆ្នាំមកហើយផងដូចជាក្រុមជនជាតិភាគតិចការ៉េន, សាន និងក្រុមដទៃទៀត ហើយនិងក្រុមថ្មីដែលជាអ្នកគាំទ្រលោកស្រីស៊ូជី និងដែលសម្រេចចិត្តរត់ចូលព្រៃតស៊ូប្រដាប់អាវុធព្រោះពួកគេយល់ថាតស៊ូតែនយោបាយ និងការទូតមិនគ្រប់គ្រាន់ទេ។

នៅក្នុងការបោះឆ្នោតដែលរៀបចំជាបីដំណាក់កាលចាប់ពីចុងខែធ្នូ ឆ្នាំ២០២៥ដល់ដើមខែមករា ឆ្នាំ២០២៦ គណបក្សគាំទ្រក្រុមយោធាដែលមានឈ្មោះថា «គណបក្សសាមគ្គី និងអភិវឌ្ឍជាតិ» បានឈ្នះអាសនៈជាង៨០%នៅក្នុងសភា។ នៅក្នុងការបោះឆ្នោតផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍នោះ លោកមីនអុងឡាំងប្រើពេលត្រឹមតែបន្តិចប៉ុណ្ណោះក៏ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់តែម្ដង។ លោកស្ថិតនៅក្នុងចំណោមបេក្ខជនប្រធានាធិបតីបីរូបដែលត្រូវប្រកួតប្រជែងគ្នា។ ពួកគេទើបតែជាប់ឆ្នោតជាអនុប្រធានាធិបតីនៅសប្ដាហ៍នេះ។

ដោយសាររដ្ឋធម្មនុញ្ញមិនអនុញ្ញាតឱ្យកាន់តំណែងប្រធានាធិបតីផង និងអគ្គបញ្ជាការកងទ័ពផងនៅក្នុងពេលតែមួយ លោកមីនអុងឡាំងក៏ប្រកាសលាលែងពីតំណែងកងទ័ពកាលពីពេលថ្មីៗនេះ និងជំនួសដោយលោកយេវីនអ៊ូ (Ye Win Oo) ជាមនុស្សជំនិតរបស់លោកមីនអុងឡាំង និងជាអតីតប្រធានផ្នែកស៊ើបការណ៍សម្ងាត់៕
ចែករំលែកព័តមាននេះ