ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​ខ្លួន​ជន​ត្រូវ​ចោទ ​ឈ្មោះ  ជា វុ​ទ្ធី អតីត​សង្ឃ​ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ប្រព្រឹត្ត​ខុស​វិន័យ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ត្រូវ​ចោទ​ឈ្មោះ ជា វុ​ទ្ធី អតីត​សង្ឃ​ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន លេខ…

រាជធានី​ភ្នំពេញ ៖ ជន​ត្រូវ​ចោទ​ឈ្មោះ ជា វុ​ទ្ធី អតីត​សង្ឃ​ ត្រូវ​បាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន លេខ ៤១៦ (​ដ​-​ច​-​ន​) ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​និង​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​ បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ​ ។  

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ជា វុ​ទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ព្រះសង្ឃ នៅ​ចំណុច​វត្ត​ពោធិ៍​វាល សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លេខ ៤១៦ (​ដ​-​ច​-​ន​) ចុះ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។

ជាមួយ​គ្នា​នេះ​ ជន​ត្រូវ​ចោទ​បាន​ប្រព្រឹត្ត​ខុស​វិន័យ សង្ឃ​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ (​បារាជិក​) ដោយ​ក្នុង​នាមខ្លួន ជា​ព្រះសង្ឃ​បាន​​លួចលាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ក្មេង​ៗ​ជា​ច្រើន ជួនកាល​លួច​ដោះ​ស្បង់​ជីវរ​ណាត់​ជួប​ស្រី​ស្នេហ៍ រហូត​ដល់​មានកូន​ថែម​ទៀត​ផង​ ។

អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី ដោយ​ផ្អែក​លើ​អង្គហេតុ និង​អង្គច្បាប់​ព្រមទាំង​ភស្តុ​តាង​ច្បាស់លាស់​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ឡើយ​។

សូម​បដិសេធ និង​ច្រានចោល​រាល់​ការ​លើក​ឡើង​របស់​ក្រុមប្រឆាំង​មួយ​ចំនួន​តូច ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ចោទ​សមត្ថកិច្ច​ថា​ ការ​អនុវត្តន៍​ច្បាប់​ទៅ​លើ​ជន​ត្រូវ​ចោទ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព ដែល​ខ្លឹមសារ​នៃ​ការ​ចោទប្រកាន់​បែប​នេះ​ គឺគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដោយ​មិន​ផ្អែក​លើ​អង្គហេតុ​ពិតប្រាកដ និង​អង្គច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ ។

បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​តុលាការ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ