ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​វិស្វកម្ម​ក្នុង​តំបន់​អាស៊ាន ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស

1 នាទី មុន

​រាជធានីភ្នំពេញ​ ៖ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​ការ​បង្ក​ភាព​ងាយស្រួល​ដល់​ប​ម្លា​ស់​ទី​សេវា​វិជ្ជាជីវៈ​វិស្វកម្ម​” នា​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ឯកឧត្តម ហេង…

​រាជធានីភ្នំពេញ​ ៖ ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី “​ការ​បង្ក​ភាព​ងាយស្រួល​ដល់​ប​ម្លា​ស់​ទី​សេវា​វិជ្ជាជីវៈ​វិស្វកម្ម​” នា​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ពង្រឹងសមត្ថភាព​វិស្វករ និង​កិច្ច​សហប្រតិបត្តិការ​តំបន់ ដែល​មិន​ត្រឹមតែ​ជា​ការ​ផ្លាស់​ប្តូរ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ឱកាស​ដ៏​មាន​តម្លៃ​ក្នុង​ការ​សិក្សា​វិធីសាស្ត្រ​ថ្មី​ៗ ​ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍​វិស័យ​សំណង់​នៅ​អាស៊ាន ​។

ជាមួយនឹង​ការ​អបអរសាទរ​សិក្ខាកាម​ ទាំង​៦២​នាក់​(​ស្ត្រី​៤​នាក់​)​ ក្នុង​អនុ​តំបន់​មេគង្គ​ដែល​រួម​មាន​វិស្វករ​កម្ពុជា វៀតណាម ឡាវ និង​មី​យ៉ា​ន់​ម៉ា បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដោយ​ជោគជ័យ​នា​ពេល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា (BEC) និង​មូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​សម្រាប់​កិច្ចសហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ឡើង ដែល​ក្រៅពី​ការ​ផ្លាស់​ប្តូរ​បច្ចេកទេស វា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ក្នុង​ការ​លើកកម្ពស់​ស្តង់ដា​វិស្វកម្ម​ដល់​កម្រិត​សកល​ផង​ដែរ ​។

ឯកឧត្តម​បាន​ចាត់​ទុក​ប្រធានបទ​នេះ ជា​ស្នូល​សម្រាប់​បេសកកម្ម​រួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហើយ​ជោគជ័យ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ខិតខំ​រួម​ក្នុង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង ជំនាញ និង​បទ​ពិសោធ​ក្នុង​វិស័យ​វិស្វកម្ម ដោយ​ផ្អែក​លើ​ស្មារតី «​ទន្លេ​រួម អនាគត​រួម​» ជា​ពិសេស កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អាស៊ាន (MRA) ស្តី​ពី​សេវា​វិស្វកម្ម នៅ​តែ​ជា​គ្រឹះ​សំខាន់​សម្រាប់​ការ​ខិតខំ​រួម ​ក្នុង​ការ​បង្ក​ភាព​ងាយស្រួល​ដល់​ប​ម្លា​ស់​ទី​វិស្វករ និង​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ​។

ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​កិត្ត​យស​នៃ​ក្រុមប្រឹក្សា​គណៈ​វិស្វករ​កម្ពុជា​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ ដែល​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស គឺជា​ស្នូល ដោយ​ធានា​ថា «​ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ទុក​ចោល រួម​ទាំង​ការ​ពង្រឹងសមត្ថភាព​ជំនាញ និង​ស្តង់ដា​វិជ្ជាជីវៈ​វិស្វកម្ម​។ ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ដល់ BEC ដែល​ជា​ស្ថាប័ន​សំខាន់​ក្នុង​បេសកកម្ម​បណ្តុះបណ្តាល ស្រាវជ្រាវ និង​អភិវឌ្ឍ​សមត្ថភាព ដោយ​គោរព​តាម​សីលធម៌​វិជ្ជាជីវៈ និង​ជំរុញ​វិស័យ​វិស្វកម្ម​ឲ្យ​ទំនើប និង​មាន​សមត្ថភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​វិស្វករ​ទាំងអស់​បំប្លែង​ចំណេះ​ទាំងនេះ​ទៅ​ជា​សកម្មភាព​ជាក់ស្តែង​ដ៏​មាន​ន័យ ដោយ​កុំ​ទុក​វា​នៅ​ត្រឹម​ជា​ទ្រឹស្តី​។ ទន្ទឹម​នឹង​នេះ ដោយ​សង្កេត​ឃើញ​វត្តមាន​ស្ត្រី​ជា​វិស្វករ​មាន​ចំនួន​តិច ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​ចូលរួម​កាន់តែ​ច្រើន​ក្នុង​វិស័យ​នេះ ព្រោះថា វិស្វករ​ស្ត្រី​ពិតជា​មាន​តម្លៃ​ជា​ខ្លាំង ខណៈ​ដែល​វិស័យ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​ភាព​ឆ្លាត​វៃ ចំណេះដឹង និង​សេវាកម្ម​ផង​ដែរ ដោយ​មិនមែន​ត្រឹមតែ​ការងារ​សំណង់ ឬ​ការងារ​ធ្ងន់​ប៉ុណ្ណោះ​ទេ​។

លោក ឆិ​ន ឆុង (Chen Cong) អគ្គ​ទីប្រឹក្សា​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​ចាត់​ទុក​សេវា​វិស្វកម្ម ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច និង​កា​រត​ភ្ជាប់​តំបន់ ជា​ពិសេស​នៅ​តំបន់​មេគង្គ ហើយ​ការ​ពង្រឹង​គុណវុឌ្ឍិ​នៃ​វិស្វករ គឺជា​ចំណុច​សំខាន់​សម្រាប់​កា​រប​ម្លា​ស់​ទី​វិជ្ជាជីវៈ ការ​លើកកម្ពស់​ម​ត្ថភាព និង​ការ​ផ្គត់ផ្គង់​សេវា​វិស្វកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព​ ។

គម្រោង​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង បាន​ឆ្លើយ​តប​តាម​តម្រូវការ​ទាំងនេះ ដោយ​ផ្តល់​ការ​បណ្តុះបណ្តាល​ស្រប​តាម​និន្នាការ​ថ្មី​ៗ​នៃ​ឧស្សាហកម្ម​វិស្វកម្ម​សំណង់​ស៊ី​វិល​ពិភពលោក ដែល​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​តំបន់ ​៕ អត្ថបទសហការ