ខេត្តស្វាយរៀង ៖ នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញស្កេមនៅកាស៊ីណូខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់ ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងគត់ម៉ត់បំផុតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិជាប្រតិបត្តិករដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់។

ជាលទ្ធផល ប្រតិបត្តិការក្នុងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះបានរកឃើញជនបរទេស១០៧នាក់ ក្នុងនោះ មានស្រី២៦នាក់ សរុបស្មើ៤សញ្ជាតិ រួមមានចិន៦៧នាក់ ស្រី៧នាក់ (មានលិខិតឆ្លងដែន៥៨ក្បាល) ឥណ្ឌូនេស៊ី២១នាក់ ស្រី៩នាក់ (មានលិខិត ឆ្លងដែន១៧ក្បាល) មីយ៉ាន់ម៉ា២នាក់ ស្រី (មានលិខិតឆ្លងដែន) និង វៀតណាម១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន១៧ក្បាល) ។
ក្រៅពីជនពាក់ព័ន្ធខាងលើ សមត្ថកិច្ចបានរកឃើញឧបករណ៍-សម្ភាររកឃើញមាន កំព្យូទ័រលើតុ ALL IN ONE ៨៩គ្រឿង កំព្យូទ័រយួរដៃ ៥៧គ្រឿង iPad ៧៣គ្រឿង MONITOR ១គ្រឿង ទូរស័ព្ទដៃចម្រុះម៉ាក ១,៤២១គ្រឿង ម៉ាស៊ីន PRINTER ១គ្រឿង និងទូដែក៧។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ផ្អែកតាមសកម្មភាពត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ៤នាក់ បានប្រព្រឹត្ត សកម្មភាពលបលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈ វេបសាយ BABY SLOT និង២នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។
ជនសង្ស័យ៤នាក់ បានកសាងសំណុំរឿង និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង និង២នាក់ទៀត បានប្រគល់ជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ ឱ្យទៅកម្លាំងស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី ជាប់ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។ ចំណែកជនបរទេសចំនួន១០១នាក់ផ្សេងទៀត បានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ