រាជធានភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ក្នុងល្បឿនលឿន ហើយបានវ៉ាជែងរថយន្ត និងម៉ូតូនៅខាងមុខច្រើនគ្រឿង ជាបន្តបន្ទាប់ រួចក៏បានជ្រុលទៅបុកជាមួយម៉ូតូកង់បី ១គ្រឿងទៀត ដែលកំពុងបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជននោះខ្ទាតផ្លោងបោកផ្ទប់កញ្ចក់ម៉ូតូកង់បី ១តង់ រួចធ្លាក់បោកផ្ទប់ថ្នល់ ១តង់ទៀត ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
អ្នកដំណើរតាមផ្លូវខាងលើ បាននិយាយថា នៅមុនពេលកើតហេតុ យុវជនរូបនោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ដោយបានវ៉ាជែងរថយន្ត និងម៉ូតូ នៅខាងមុខខ្លួនជាបន្តបន្ទាប់ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកចំចំហៀងខាងស្ដាំម៉ូតូកង់បី ពណ៌ស ១គ្រឿងទៀត ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីត្បូងទៅជើងពេញទំហឹង ។
អ្នកដំណើររូបនោះ បាននិយាយទៀតថា ខណៈនោះយុវជនខាងលើ បានខ្ទាតផ្លោងបោកផ្ទប់កញ្ចក់ម៉ូតូកង់បីនោះ ១តង់ រួចទើបធ្លាក់បោកផ្ទប់ជាមួយថ្នល់ពេញទំហឹង ១តង់ទៀត បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ។ ពេលនោះ ទាំងយុវជនខាងលើ និងម៉ូតូហុងដាឌ្រីម បានដួលទៅលើចិញ្ចើមផ្លូវ ម្ខាងទៀត ដែលជាចំណែកផ្លូវផ្លូវអាទិ៍ភាពរបស់ម៉ូតូកង់បី ដោយឡែកម៉ូតូកង់បីនោះ ក៏បានរងការខូចខាតបែកកញ្ចក់ និងក្រពឹតផ្នែកខាងមុខចំហៀងខាងស្ដាំផងដែរ ។
ក្រោយពេលកើតហេតុ រថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង បានទៅដឹកយកយុវជន ដែលរងរបួសរូបនោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ទីតាំងនោះ ។ បន្ទាប់មក បានរាយការណ៍បន្តទៅកាន់នគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ឲ្យចុះទៅវាស់វែង និងនាំយកម៉ូតូកង់បី និងម៉ូតូហុងដាឌ្រីម ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕






ចែករំលែកព័តមាននេះ