ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ស្នើ​សុំ​ឱ្យ​តួក​គី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​រវាង​ពូទីន និង​ហ្សេឡិនស្គី​

1 ម៉ោង មុន

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​តួក​គី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ហ្សេឡិនស្គី និង​លោក​ពូទីន​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​ប្រមុខ​ការ​ទូត​អ៊ុយ​ក្រែន​​។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​កំពុង​ស្វះ​ស្វែង​រក​ការ​ប្រោះ​ឱ្យ​រស់​ឡើង​វិញ​នូវ​ការ​ចរ​ចា​សន្តិ​ភាព​ដែល​ហាក់​ដូច​ជា​គាំង​ស្តូក​នៅ​មួយ​កន្លែង​ដោយ​សារ​សភាព​ការណ៍​សាកល​លោក​ប្រែ​ប្រួល,​ សហ​គមន៍​អន្តរ​ជាតិ​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​នៅ​មជ្ឈិម​បូព៌ា​ច្រើន​ជាង​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក​អាន​ឌ្រី ស៊ីប៊ី​ហា (Andrii…

ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​តួក​គី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ហ្សេឡិនស្គី និង​លោក​ពូទីន​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​ប្រមុខ​ការ​ទូត​អ៊ុយ​ក្រែន​​។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​កំពុង​ស្វះ​ស្វែង​រក​ការ​ប្រោះ​ឱ្យ​រស់​ឡើង​វិញ​នូវ​ការ​ចរ​ចា​សន្តិ​ភាព​ដែល​ហាក់​ដូច​ជា​គាំង​ស្តូក​នៅ​មួយ​កន្លែង​ដោយ​សារ​សភាព​ការណ៍​សាកល​លោក​ប្រែ​ប្រួល,​ សហ​គមន៍​អន្តរ​ជាតិ​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​នៅ​មជ្ឈិម​បូព៌ា​ច្រើន​ជាង​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែន លោក​អាន​ឌ្រី ស៊ីប៊ី​ហា (Andrii Sybiha) ថ្លែង​ថា​យើង​បាន​ស្នើ​សុំ​ឱ្យ​តួក​គី​ជួយ​នៅ​ក្នុង​រឿង​នេះ​។ អ៊ុយ​ក្រែន​ក៏​បាន​​ត្រៀមខ្លួន​ជ្រើស​រើស​ទី​កន្លែង​ដទៃ​ទៀត​ក្រៅ​ពី​បេឡារូស និង​រុស្ស៊ី​សម្រាប់​ការ​ជួប​គ្នា​ជា​មួយ​លោក​ពូទីន​។ លោកហ្សេឡិនស្គី​ចង់​ពន្លឿន​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ដែល​​អូស​បន្លា​យ​ពេល​ជាង​បួន​ឆ្នាំ​​ហើយ​។​

​បេឡារូស​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​ទី​ក្រុង​ម៉ូស្គូ ហើយ​បាន​អនុញ្ញាត​ឱ្យ​រុស្ស៊ី​ដាក់​ពង្រាយ​ជើង​ទម្រ​បាញ់​នុយ​ក្លេអ៊ែរ​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​ បេឡារូស​នេះ​ហើយ​ដែល​ជា​អ្នក​អនុញ្ញាត​ឱ្យ​កង​ទ័ព​រុស្ស៊ី​ប្រើ​ប្រាស់​ទឹក​ដី​របស់​ខ្លួន​ដើម្បី​វាយ​លុក​ចូល​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ដែល​សង្គ្រាម​ផ្ទុះ​ឡើង​ដំបូង​។ លោក​ស៊ីប៊ីហា​មិន​បាន​បញ្ជាក់​ថា​តើ​តួក​គី​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សំណូម​ពរ​របស់​អ៊ុយ​ក្រែន​នោះ​ទេ​។

លោក​ថ្លែង​ថា​យើង​បាន​ជម្រាប​ជូន​ភាគី​តួក​គី​ដោយ​ជាក់​ច្បាស់​តែ​ម្ដង​។ ប៉ុន្តែ​ប្រសិន​បើ​ការ​ជួប​គ្នា​នោះ​រៀប​ចំ​នៅ​ទី​ក្រុង​ផ្សេង​ក្រៅ​ពី​​ប្រទេស​រុស្ស៊ី និង​បេឡា​រូស​ យើង​នឹង​ទៅ​ចូល​រួម​។ វិមាន​ក្រឹម​ឡាំង​កាល​ពី​មុន​នេះ​ថ្លែង​ថា​ខ្លួន​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ជួប​លោក​ហ្សេឡិន​ស្គី​។ ប៉ុន្តែ​មេ​ដឹក​នាំ​អ៊ុយ​ក្រែន​​ប្រកាស​បដិ​សេធ​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​ លោក​ស៊ីប៊ី​ហា​ថ្លែង​ថា​លោក​បាន​ផ្ញើ​លិខិត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​អ្នក​ស្រី​អនិតា អ័របាន (Anita Orban) ដែល​នឹង​ក្លាយ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​ហុង​គ្រី​នៅ​អាណត្តិ​ថ្មី​៕​ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភពដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ