រាជធានីភ្នំពេញ៖ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់បានប្ដីមុនមានសុភមង្គលណាស់ ប៉ុន្តែជាអកុសលប្ដីនោះមានជំងឺលើសឈាមក៏ស្លាប់ចោលបាត់ទៅ លុះ៤ឆ្នាំក្រោយមកនាងបានយកប្ដីទី២ម្នាក់ទៀតដែលមានវ័យក្មេងជាងនាងរហូតដល់ទៅ១៦ឆ្នាំ ដោយនាងគិតថា និងមានសុភមង្គលទទួលបានការថ្នាក់ថ្នមដូចប្ដីមុនដែរ ។ ប៉ុន្តែផ្ទុយទៅវិញក្ដីសង្ឃឹមរលាយដូចអំបិលត្រូវទឹក ដោយរស់នៅជាមួយគ្នាបានមួយរយៈ ទើបដឹងថាប្ដីក្មេងនេះជាស្ដេចប្រច័ណ្ឌរូបនាងជាមួយប្រុសផ្សេងទាំងអយុត្តិធម៌ ហើយចេញវាយចូលវាយគឺវាយធ្វើបាបនាងទាំងមានផ្ទៃពោះ៥ខែ រហូតធ្វើឲ្យនាងរលូតកូននោះបាត់ ។
ដោយមិនអាចអត់ទ្រាំងទៅនិងប្ដីក្មេង គិតតែពីប្រច័ណ្ឌវាយៗ លែងបានតទៅទៀត នាងក៏បានរត់គេចខ្លួនចេញពីផ្ទះនៅឯខេត្តតាកែវ មកស្នាក់នៅផ្ទះជួលនារាជធានីភ្នំពេញ ហើយនៅវេលាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នាងបានធ្វើដំណើរទៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពឹងក្រុមអ្នកកាសែតឲ្យជួយឡាយ និងផ្សព្វផ្សាយដំណឹងអំពីទង្វើកាចសាហាវរបស់ប្ដីជាសាធារណៈឲ្យអាអាជ្ញាធរ និងសមត្ថកិច្ចខេត្តតាកែវបានដឹងនិងជួយចាត់ការប្ដីនាងផង ដោយនាងអះអាងថា នាងមិនហ៊ានឈានជើងទៅកាន់ទីនោះដើម្បីដាក់ពាក្យប្ដឹងឡើយ ព្រោះខ្លាចជួបប្ដីវាយធ្វើបាបនាងទៀត ។
ស្ត្រីរូបនោះបានប្រាប់ថា នាងឈ្មោះនួន ស្រីហ៊ុច អាយុ៤៣ឆ្នាំ មានទីលំនៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សព្វថ្ងៃស្នាក់នៅជាមួយប្ដីនៅឯខេត្តតាកែវ ។ ចំណែកបុរសជាប្ដីក្រោយវ័យក្មេង ដែលតែងតែប្រើហិង្សាវាយដំរូបនាងនោះឈ្មោះរឿង សុីណែត អាយុ២៧ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ ។
ស្រីហ៊ុចបានរៀបរាប់ប្រាប់ទៀតថា នាងនិងប្ដីមុនមានកូនប្រុសជាមួយគ្នាចំនួន៣នាក់ និងចៅចំនួន៤នាក់ ហើយមានសុភមង្គលណាស់ ប្ដីនាងមិនដែលវាយធ្វើបាបនាងឡើយ ប៉ុន្តែជាអកុលសលប្ដីនោះមានជំងឺលើសឈាម ហើយក៏បានស្លាប់ចោលនាងនិងកូនៗបាត់ទៅ ធ្វើឲ្យនាងមានឈ្មោះជាស្រីមេម៉ាយ ។ លុះ៤ឆ្នាំក្រោយមកគឺនៅអំឡុងឆ្នាំ២០២២ នាងបានស្គាល់ឈ្មោះរឿង សុីណែត តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏បានទាក់ទងស្នេហាជាមួយគ្នា រហូតឈានដល់យកគ្នាជាប្ដីប្រពន្ធ ប៉ុន្តែពុំបានរៀបការក្រាបក្បាលដល់កន្ទេលតាមប្រពៃណីនោះឡើយ ហើយបើគិតរហូតពេលនេះបានរស់នៅជាមួយគ្នាបានរយៈពេល៤ឆ្នាំមកហើយ ។
នាងហ៊ុច បានប្រាប់បន្ថែមថា ក្នុងនាមជាប្រពន្ធទោះមានអាយុច្រើនជាប្ដីជាង១ជួរក្ដី តែនាងបានគោរពប្រតិបត្តិប្ដីខ្លាំងណាស់ ហើយអ្វីដែលនឹកស្មានមិនដល់នោះ ក្រោយពេលរស់នៅជាមួយគ្នាបានរយៈពេលជាង៣ឆ្នាំនាងក៏មានផ្ទៃពោះ៥ខែ ស្រាប់តែប្ដីក្មេងប្ដូរអត្តចរិកពីស្លូតបូបមកកាចសាហាវ ដោយបានរករឿងប្រច័ណ្ឌរូបនាងជាមួយអ្នកផ្សេងទាំងដែលនាងមិនបានដឹងខ្លួន ហើយមិនបានប្រព្រឹត្តអំពើផិតក្បត់អ្វីសោះ ។ ចាប់ពីពេលនោះមកប្ដីបានវាយធ្វើបាបនាងស្ទើររាល់ថ្ងៃ វាយរហូតនាងរលូតកូនក្នុងផ្ទៃ៥ខែនោះ ហើយក្រោយៗមកទៀតបានវាយនាងជាបន្តបន្ទាប់រហូត មិនដែលចាត់ទុកថានាងជាមនុស្សនោះឡើយ នាងពិតជាមានការភ័យខ្លាចចំពោះប្ដីកំណាចរូបនោះខ្លាំងណាស់ ។
ស្ត្រីអភ័ព្វខាងលើបានបញ្ជាក់ប្រាប់ទៀតថា មុខមាត់ ដៃ ជើង ខ្លួនប្រាណនាងពោរពេញទៅដោយស្នាមជាំបណ្ដាលមកពីការវាយតប់របស់ប្ដីក្មេង ហើយដោយមិនអាចអត់ទ្រាំទៅនិងទង្វើឃោរឃៅរបស់ប្ដីបានតទៅទៀតនោះ ទើបនៅថ្ងៃទី១៦ ខែមសា ឆ្នាំ២០២៦ នាងបានសម្រេចចិត្តរត់ចេញពីផ្ទះគេចចេញពីអំពើហិង្សានោះ មកស្នាក់នៅផ្ទះជួលម្ដុំចោមចៅ ។ ពេលនោះប្ដីក៏បានមកតាមហើយបានហៅនាងឲ្យត្រលប់ទៅផ្ទះវិញ តែនាងមិនព្រមទៅឡើយ ស្រាប់តែប្ដីបានយកបង្វិចខោអាវរបស់នាងទៅបាត់ក្នុងបំណងឲ្យនាងទៅតាម ប៉ុន្តែនាងអត់ទៅតាមទេ ព្រោះបើទៅនិងត្រូវប្ដីនេះវាយទៀតមិនខាន ។ នាងក៏មិនហ៊ានទៅប្ដឹងនគរបាលនៅស្រុកគីរីវង់ ខេត្តតាកែវដែរ ព្រោះខ្លាចប្ដីដឹងឃាត់នាងទុកនៅផ្ទះនិងវាយដំបន្តទៀត ទើបនាងសម្រេចចិត្តពឹងឲ្យអ្នកកាសែតជួយឡាយនិងផ្សាយដំណឹងនេះជាសាធារណៈដើម្បីឲ្យអាជ្ញាធរនិងសមត្ថកិច្ចខេត្តតាកែវបានដឹង និងជួយអន្តរាគមន៍ឃាត់ប្ដីនាងរូបនោះចាត់ការតាមច្បាប់ផង ៕




ចែករំលែកព័តមាននេះ