ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងវប្បធម៌ចេញមុខតវ៉ាដាច់អហង្ការ ក្រោយមន្ត្រីជាន់ខ្ពស់ថៃ បង្ហាញវត្តមាននៅ​ប្រាសាទ​តា​ក្របី

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីថ្លែងការណ៍​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​អាជ្ញាធរ​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ។ ជាក់ស្តែង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីថ្លែងការណ៍​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​សកម្មភាព​ខុសច្បាប់​របស់​អាជ្ញាធរ​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែល​មាន​អត្ថន័យ​សង្ខេប​ដូច​ខាងក្រោម ៖

ស្រប​តាម​លិខិតផ្លូវការ ចុះ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ និង​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ ព្រមទាំង​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សូម​បន្ត​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត ចំពោះ​វត្តមាន និង​ការ​បន្ត​បង្ក​សកម្មភាព​ខុសច្បាប់​របស់​អាជ្ញាធរ​ថៃ នៅ​ប្រាសាទ​តា​ក្របី និង​តំបន់​ជុំវិញ ដែល​ជាទី​តាំង​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ។

ទោះបី​មានការ​តវ៉ា​ជា​បន្តបន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ ក៏​អាជ្ញាធរ​ថៃ​នៅ​តែ​បន្ត​រៀបចំ​ការ​ជួបជុំ​សាធារណៈ​សម្រប​សម្រួលការ​ទស្សនា និង​អនុវត្ត​សកម្មភាព​ផ្សេង​ៗ​នៅ​តំបន់​នោះ ។ សកម្មភាព​ទាំងនេះ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​ជា​សកម្មភាព​ខុសច្បាប់​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​ថ្មី​ៗ រួម​មាន​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​វត្តមាន​របស់​អាជ្ញាធរ​ថៃ ដែល​សុទ្ធតែ​ជា​សកម្មភាព​បង្កើត​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ដី (fait accompli) ។ សកម្មភាព​ទាំង​អស់នេះ គឺជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ឯកសារ​អនុវត្ត​សន្ធិសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​កំណត់​និង​ខណ្ឌសីមា​ព្រំដែន រួម​ទាំង​ផែនទី​មាត្រដ្ឋាន 1:200,000 និង​កំណត់ហេតុ​នៃ​គណៈកម្មការ​កំណត់ព្រំដែន និង​គណៈកម្មការ​បោះបង្គោល​ព្រំដែន​រវាង​ឥណ្ឌូចិន​និង​សៀម ក៏​ដូច​ជា​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ បែបបទ​បច្ចេកទេស និង​ផែនការមេ​ឆ្នាំ​២០០៣ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោលការណ៍​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ​។ សកម្មភាព​ទាំងនេះ ក៏​រំលោភ​ទៅ​នឹង​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ភាគី​ទាំង​ពីរ (JBC) ផង​ដែរ​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្វើការ​តវ៉ា​ដាច់អហង្ការ​ចំពោះ​វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ថៃ រួម​ទាំង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ នៅ​ប្រាសាទ​តា​ក្របី ក៏​ដូច​ជា ការ​រៀបចំ​សកម្មភាព​នៅ​ទីតាំង​នេះ​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦​នេះ ។ វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ទាំងនេះ បាន​បង្ហាញ​ពី​ចរិតលក្ខណៈ​ពង្រឹង​សកម្មភាព​ខុសច្បាប់ និង​បំផ្លាញ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​តាម​ការ​ចរចា ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ថៃ ឱ្យ​បញ្ឈប់​ភ្លាម​ៗ​នូវ​សកម្មភាព​ទាំងអស់​នៅ​ប្រាសាទ​តា​ក្របី ដក​ចេញ​នូវ​សមត្ថកិច្ច​ទាំងអស់​ចេញពី​ទីតាំង និង​បញ្ឈប់​សកម្មភាព​នានា​ដែល​កំពុង​ធ្វើ​។ កម្ពុជា​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​រយៈ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់ ជា​ពិសេស​យន្តការ JBC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ