រាជធានីភ្នំពេញ ៖ កិច្ចប្រជុំយុទ្ធសាស្ត្រ ២+២ លើកទី១ កម្ពុជានិងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២២ មេសា ឆ្នាំ២០២៦ ថា នយោបាយការទូតសកម្មប្រកបដោយយុទ្ធសាស្ត្រ កិច្ចប្រជុំលើកទី១នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ប្រព្រឹត្តទៅនៅថ្ងៃទី២២ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

អ្នកនាំពាក្យបានលើកឡើងថា កិច្ចប្រជុំពិសេសនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធាន ។
ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា «កម្ពុជានិងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា កាលពីខែមេសា ឆ្នាំមុន ក្នុងគោល បំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ សន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ។ យន្តការថ្មីនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម» ។
ឯកឧត្តមបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបានលើកឡើងទៀតថា បន្ទាប់ពីកិច្ចសន្ទនា “២+២” ឯកឧត្តម វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។ ប្រមុខការទូតចិននិងកម្ពុជានឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងនិងក្រៅតំបន់ ។
ឯកឧត្តមបានបន្ថែមថា នៅពេលដែលសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ កំពុងក្លាយជាប្រធានបទសំខាន់ក្នុងជំនួបពិភាក្សានានាក្នុងក្របខណ្ឌតំបន់ និងពិភពលោក ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនជនរួមជាតិមេត្តាជ្រាបថា ដំណើរជាតិកម្ពុជា ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង៥០០ឆ្នាំចុងក្រោយ បានហែលឆ្លងកាត់ការបែកបាក់ និងសង្គ្រាមវិនាសកម្មឆ្អែតឆ្អន់ហើយ ជាពិសេសរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លុតរន្ធត់បំផុតដែលយើងបានជួបប្រទះ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំរាមច្បងរបស់យើង ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្ស ប្រជាជនកម្ពុជាផ្សេងទៀតនៅតែអាចដឹកនាំកម្លាំងស្នេហាជាតិទាញប្រទេសឱ្យផុតពីជ្រោះមរណៈនិងស្វែងរកបាននូវសន្តិភាព ស្ថិរភាព និងស្តាប្រទេសនេះឱ្យរីកស្រស់បំព្រងដូចសព្វថ្ងៃ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ដូច្នេះ បញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ ។
ផ្ទុយទៅវិញ វាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំង ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងធ្វើក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីរក្សាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិ និងប្រជាជនផង និងឈានទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងក្នុងបញ្ហាព្រំដែនផង ៕
ចែករំលែកព័តមាននេះ