ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងតិចជិត២០ខ្នង នៅក្នុងឃុំចំនួន០២នៃស្រុកថ្មគោល បានរងការខូចខាតជាថ្មីទៀត ដោយខ្យល់កន្ត្រាក់វាយប្រហារត្រឹមមួយដង្ហើមចង្រិត កាលពីរសៀលថ្ងៃទី២១ មេសា តែពុំបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។ នេះបើតាមសេរចក្ដីរាយការណ៍ ។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ឃុំចំនួន០២ដែលរងការប៉ះទង្គិចដោយខ្យល់កន្ត្រាក់នោះ គឺឃុំគោកឃ្មុំ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង និងឃុំបឹងព្រីង ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នង ។ លំនៅឋានដែលរងការខូចខាតនេះ ភាគច្រើនរបើកដំបូង តែពុំមានគ្រោះធ្នាក់មនុស្សទេ ។ អាជ្ញាធរមូលដ្ឋានបាននិយាយថា ភ្លៀងដែលលាយឡំជាមួយនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងក្លាផង បានប៉ះទង្គិចទៅលើតំបន់ទីប្រជុំជនភាគច្រើន នៅក្នុងឃុំបឹងព្រីង ។

ភ្លៀងហាក់មិនខ្លាំងទេ តែខ្យល់កន្ត្រាក់បោកបក់ខ្លាំងក្នុងរយៈពេលខ្លី ធ្វើឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋរាប់សិបខ្នង ។ ស្រុកថ្មគោល ហាក់ទទួលរងនូវបាតុភូតធម្មជាតិ (ខ្យល់កិន្ត្រាក់) នេះញឹកញាប់ជាងគេ ក្នុងរយៈពេលជាងមួយសប្ដាហ៍កន្លងទៅនេះ បើធៀបទៅនឹងតាមបណ្ដាស្រុកនានាក្នុងខេត្តបាត់ដំបង ។ ដោយយោងលើរបាយការណ៍នានារបស់មន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានដែលបានធ្វើសេចក្កដីរាយការណ៍ប្រចាំថ្ងៃ ។

ដោយឡែក ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តវិញ បានប្រកាសជូនដំណឹងនៅថ្ងៃនេះ ស្ដីពី«ប្រឹត្តិបត្រព្យាករណ៍អាកាសធាតុ»ថា «អាកាសធាតុ» នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសា ឆ្នាំ២០២៦ ស្ថានភាពធាតុអាកាសខេត្តបាត់ដំបង ទទូលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយបាននឹងកំពុងមានឥទ្ធិពលលើខេត្តបាត់ដំបង សីតុណ្ហភាព២៧ អង្សាសេ ទៅ៣៧អស្សាសេ មានខ្យល់បក់ក្នុងល្បឿនលឿន ធ្វើឲ្យមានភ្លៀង ផ្គរ រន្ទះ ពីតិចទៅបង្គូរ ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិដ៏អាក្រក់ ដែលកំពុងកើតមានឡើងស្ទើររាល់ថ្ងៃ និងគ្រប់ទិសទី នាដើមរដូវវស្សារនេះ ៕




ចែករំលែកព័តមាននេះ