ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទំនៀមទម្លាប់កម្រមាននៅវត្តបឹងត្រាវ៖ យុវជនស្ម័គ្រចិត្តដើរតួ «កូនកំលោះ-ក្រមុំ»រៀបការសម្តែង ដើម្បីរៃអង្គាសបច្ច័យកសាងវត្ត

2 នាទី មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទំនៀមទម្លាប់​មួយ ដែល​ប្រហែល​មាន​តែ​វត្ត​បឹង​ត្រាវ​មួយ​ប៉ុណ្ណោះ ស្ថិត​ក្នុងស្រុក​មង្គលបុរី ដែល​ក្នុង​ចេតនា​រៃ​អង្គាស​បច្ច័យ​សម្រាប់​កសាង​វត្ត ដោយ​វិធី​រៀប​មង្គលការ​យុវជន​ដែល​ស្ម័គ្រចិត្ត ដើរតួ​ជា​កូនកំលោះ​-​ក្រមុំ​រៀប​ការ ដើម្បី​ប្រមូល​បច្ច័យ​ជួយ​កសាង​វត្ត ។…

ខេត្តបន្ទាយមានជ័យ ៖ ទំនៀមទម្លាប់​មួយ ដែល​ប្រហែល​មាន​តែ​វត្ត​បឹង​ត្រាវ​មួយ​ប៉ុណ្ណោះ ស្ថិត​ក្នុងស្រុក​មង្គលបុរី ដែល​ក្នុង​ចេតនា​រៃ​អង្គាស​បច្ច័យ​សម្រាប់​កសាង​វត្ត ដោយ​វិធី​រៀប​មង្គលការ​យុវជន​ដែល​ស្ម័គ្រចិត្ត ដើរតួ​ជា​កូនកំលោះ​-​ក្រមុំ​រៀប​ការ ដើម្បី​ប្រមូល​បច្ច័យ​ជួយ​កសាង​វត្ត ។ វត្ត​បឹង​ត្រាវ​តែង​ប្រារ​ព​ពិធី​មង្គលការ​យុវវ័យ​នេះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ១​ឆ្នាំ​ម្ដង មាន​យុវជន​១​គូ​ទៅ​២​គូ​ដែល​ស្ម័គ្រ​រៀប​ការ​ក្នុង​វត្ត ។

ក្នុង​ពិធី​មង្គលការ​យុវវ័យ​ស្ម័គ្រចិត្ត​នៅ​វត្ត​បឹង​ត្រាវ គេ​ឃើញ​មាន​វត្តមាន​មេ​ភូមិ មេឃុំ អភិបាលស្រុក​មង្គលបុរី និង​ចាស់ទុំ ព្រមទាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចូលរួម ដោយ​ធ្វើ​ទៅ​តាម​ប្រពៃណី​ខ្មែរ ដូច​ការ​រៀប​អាពាហ៍ពិពាហ៍​ពិត​ៗ តែ​ធ្វើ​ឡើង​ដោយ​កាត់​ៗ​ឱ្យ​ខ្លី ដើម្បី​រក​បច្ច័យ​កសាង និង​បង្ក​ភាព​អធិកអធម​ក្នុង​វត្ត ។

ការ​រៀប​មង្គលការ​យុវវ័យ​ស្ម័គ្រចិត្ត​នេះ មិនមែន​ជា​ការ​ពិត ឬ​រៀប​ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នោះ​ឡើយ គឺ​ធ្វើ​ឡើង​សម្រាប់​តែ​កៀងគរ​បច្ច័យ​ពី​បងប្អូន​ដែល​បាន​មក​ចូលរួម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ តាម​ពិត​ទៅ វត្ត​បឹង​ត្រាវ​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ នៅ​ពេល​បុណ្យចូលឆ្នាំ​ថ្មី ហើយ​មាន​យុវជន​ស្ម័គ្រ​ចិត្តបាន​រៀប​ការ ក្នុង​១​ឆ្នាំ​មាន​ពី​១​គូ​ទៅ​២​គូ ។

គណៈកម្មការ​អាចារ្យវត្ត​បឹង​ត្រាវ​បាន​ប្រាប់​ថា ពិធី​មង្គលការ​យុវវ័យ​ស្ម័គ្រចិត្ត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាំងពី​សម័យ​ដើម​រហូត​ដល់​ពេល​នេះ នៅ​តែ​បន្ត​ធ្វើ​ដូច​ជា​ពិធី​លើក​ជំនូន និង​ផ្ទឹម​សែន​ចងដៃ ដោយ​មាន​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​ចូលរួម ដើម្បី​បាន​បរិច្ចាគ​ថវិកា​ពី​ចងដៃ​កូនកំលោះ​-​កូនក្រមុំ មក​យក​សម្រាប់​កសាង​វត្ត ។ តាម​លោក​អាចារ្យ​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​នេះ មាន​៣​ថ្ងៃ តែ​ឆ្នាំ​នេះ មាន​គូ​ស្ម័គ្រចិត្ត​តែ​២​គូ​ទេ បាន​រៀបចំ​១​ថ្ងៃ​១​គូ ។

គណៈកម្មការ​អាចារ្យវត្ត​បឹង​ត្រាវ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា យុវជន និង​យុវនារី ជា​កូនចៅ​អ្នក​ភូមិ​រស់នៅ​ក្នុង​ឃុំ​បត់​ត្រង់ តែង​បាន​ស្ម័គ្រចិត្ត​រៀប​មង្គលការ​ជាមួយ​គ្នា ក្នុង​ចេតនា​រៃ​បច្ច័យ​កសាង​វត្ត​តែ​ប៉ុណ្ណោះ អត់​មាន​ផ្សំ​ដំណេក​ទេ ។

ក្នុង​កម្មវិធី​នេះ កូនក្រមុំ និង​កូនកំលោះ បាន​ស្លៀកពាក់​តុបតែង​ខ្លួន​យ៉ាង​ស្អាត​មក​ដល់​វត្ត ដោយ​មាន​ប្រជាពលរដ្ឋ​ច្រើន​កុះករ​បាន​ចូលរួម ក្នុង​នោះ​ក៏​មានការ​លើក​ជំនូន​ចម្រុះ​ច្រើន​គូ ចេញពី​វត្ត​ហែ​តាម​ផ្លូវជាតិ​អម​ទៅ​ដោយ​ភ្លេងខ្មែរ និង​ក្រុម​ឆៃយ៉ាំ រាំ​នាំមុខ​យ៉ាង​ឆ្ងាយ ទើប​ហែ​ចូល​មក​ក្នុង​វត្ត​វិញ ។

ក្នុង​ពិធី​បន្ទាប់ តា​អាចារ្យ​ឲ្យ​ពរ​ជ័យ​ដល់​កូនក្រមុំ និង​កូនកំលោះ និង​លោក​មេឃុំ អ្នកមុខអ្នកការ ម្តាយកូន​ប្រុស ម្ដាយ​កូនស្រី និង​ប្រជាពលរដ្ឋ​ចូលរួម​កាត់សក់​បង្កក់​សិរី អ្នកចូលរួម​នាំ​គ្នា​សែន​ចងដៃ​យ៉ាង​សប្បាយ​រីករាយ ។ បន្ទាប់​មក​ទៀត កូនកំលោះ​បាន​តោង​ស្បៃ​កូនក្រមុំ បន្ត​ទៅ​លេងល្បែង​ប្រជាប្រិយ​នានា ។ ពិធី​នេះ ជា​ការ​រៀបចំ​សម្តែង​មិនមែន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​មែនទែន​នោះ​ឡើយ ។ ចប់​ពិធី​កូនប្រុស​-​កូនស្រី ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

ទោះបីជា​បែប​ណា មានការ​កោតសរសើរ​ដល់​យុវជន​ប្រុស​-​ស្រី ដែល​បាន​ស្ម័គ្រចិត្ត​ដោយ​ពុំ​មាន ការ​ទើសទាល់​ខ្មាស​អៀន​នោះ​ទេ គឺ​គោរព​តាម​ប្រពៃណី ដើម្បី​យក​ចំណងដៃ​មក​កសាង​វត្ត បើ​ទោះបី​អ្នក​ទាំង​ពីរ​ពុំ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ពិត​ក៏​ដោយ ។

គណៈកម្មការ​អាចារ្យវត្ត​ថា ប្រពៃណី​នេះ បាន​អនុវត្ត​ត​ពី​ដូនតា ឲ្យ​តែ​ចូល​ឆ្នាំ​ម្តង​ៗ តែងតែ​ធ្វើ​ពិធី​មិន​ដែល​ដាច់ គឺ​តាំងពី​សម័យកាល​៦០​ឆ្នាំ​មុន​មក​ម្ល៉េះ ។ ហើយ​ពេល​ខ្លះ​ការ​ដល់​ទៅ​៥​គូ​ក៏​មាន​ដែរ តែ​នៅ​ដំណាក់កាល​ជំនាន់​កូ​វី​ដ​-១៩ វត្ត​បឹង​ត្រាវ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ។ ក្រោយ​ពី​ចប់​កូ​វី​ដ​-១៩ វត្ត​ទូ​ទាំង​ប្រទេស​ដំណើរការ​ឡើង​វិញ ទើប​ដំណើរការ​កម្មវិធី​ប្រពៃណី​នេះ​ក៏​បាន​រៀបចំ​ឡើង​វិញ ។

គួរ​រំលឹក​ថា វត្ត​បឹង​ត្រាវ និង​វត្ត​កោះ​កេ​ត​អូរ​ប្រាសាទ កាលពី​សម័យ​មុន មាន​យុវវ័យ​ខ្លះ​បាន​ដឹក​ដៃគូ​សង្សា ឬ​មិត្តភក្តិ​ជិត​ស្និទ្ធ​មក​ស្ម័គ្រចិត្ត​រៀប​ការ​រក​បច្ច័យ​កសាង​វត្ត ហើយ​គូ​ខ្លះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ចប់​បុណ្យចូលឆ្នាំ​ក៏​ឱ្យ​ឪពុក​ម្តាយ​ចូល​ដណ្តឹង​រៀប​ការ​ជា​គូ​ស្វាមីភរិយា​ថ្មី​ក៏​មាន​ដែរ ។ ជាក់ ស្តែង​ឆ្នាំ​នេះ វត្ត​នៅ​ស្រុក​មង្គលបុរី គឺ​វត្ត​កោះ​កេ​ត​អូរ​ប្រាសាទ និង​វត្ត​រហាត់ទឹក នៅ​បន្ត​លេង​រហូត​ដល់​ថ្ងៃ​ទី​២០ មេ​សា ២០២៦ ទើប​ចប់​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ