ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួនពីរនាក់ ត្រូវបាននគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនិងម៉ូទ័រកាត់ស្មៅរបស់ប្រជាពលរដ្ឋពីក្នុងដីឡូត៍មួយកន្លែងបានសម្រេច ។
ការឃាត់ខ្លួនក្រុមជនសង្ស័យពីចោរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានធ្វើឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងដីឡូត៍មួយផ្ទះលំហែកន្លែងស្ថិតនៅក្នុងភូមិព្រៃព្រាល ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្ក្រាបករណីចោរកម្ម (លួចម៉ូទ័រកាត់ស្មៅ និងខ្សែរភ្លើង)កាលពីវេលាម៉ោង៥និង៤០ព្រឹកថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦ នៅចំណុចដីឡូតិ៍ផ្ទះលំហែស្ថិតនៅភូមិព្រៃព្រាល ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្ម លួចម៉ូទ័រកាត់ស្មៅ និងលួចខ្សែភ្លើងមួយកើតឡើង អ្នកនៅយាមផ្ទះលំហែរនោះ ក៏បានមកដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍នឹងធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោស។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះជាអ្នកយាមដីខាងលើនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់៖ទី១-ឈ្មោះ ចឹង ណាំង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ និងទី២-ឈ្មោះ ខន ខេម ភេទប្រុស៤៦ឆ្នាំ រស់នៅក្នុងភូមិព្រៃក្តួច ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា រូបគេបានធ្វើសកម្មភាពឡើងរបងផ្ទះលំហែរចូលលួច ម៉ូទ័រកាត់ស្មៅ និងលួចខ្សែរភ្លើងនៅចំណុចកើតហេតុខាងលើ។ តំណាងម្ចាស់ផ្ទះខាងលើដែលអ្នកប្តឹងមានឈ្មោះ ណយ ភី ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ (ដែលជាកម្មករយាមផ្ទះលំហែឱ្យម្ចាស់ផ្ទះឈ្មោះ រ៉ែន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ)។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរ តាមចម្លើយសារភាពរូបគេទាំង០២នាក់ ពិតជាបានធ្វើសកម្មភាពចូលលួចពិតប្រាកដមែន ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពលួច ជាច្រើនកន្លែងទៀតផងដែរ ។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបណ្ដោះអាសន្នសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕







ចែករំលែកព័តមាននេះ