ទីក្រុងវ៉ាស៊ីនតោន៖ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះអាវុធជាថ្មី បន្ទាប់ពីយោធាសហរដ្ឋអាម៉េរិកបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានឆ្មក់ចូលគ្រប់គ្រងនាវាដឹកប្រេងខ្នាតយក្សដែលមានសមត្ថភាពដឹកប្រេងរហូតដល់ ២ លានបារ៉ែល នៅដែនទឹកអន្តរជាតិក្បែរប្រទេសស្រីលង្កា ខណៈដែលនាវានេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២១ ខែមេសានេះ។
ការប្រើកម្លាំងបាយស្ទាក់ចាប់នាវានេះ គឺជាសកម្មភាពចុងក្រោយបង្អស់របស់រដ្ឋបាលលោក ត្រាំ ក្នុងការរឹតបន្តឹងការបិទខ្ទប់ផ្លូវទឹកប្រឆាំងនឹងអ៊ីរ៉ង់ ចំពេលដែលម៉ោងនៃការរាប់ថយក្រោយនៃបទឈប់បាញ់រយៈពេលពីរសប្តាហ៍ជិតផុតកំណត់ ហើយលទ្ធភាពនៃកិច្ចចរចាសន្តិភាពជុំទីពីរនៅប្រទេសប៉ាគីស្ថាន កំពុងស្ថិតក្នុងភាពស្រពិចស្រពិលបំផុត។
ទោះបីជាសេតវិមានបង្ហាញជំនឿចិត្តថាកិច្ចចរចានៅទីក្រុងអ៊ិស្លាម៉ាបាតអាចនឹងប្រព្រឹត្តទៅនៅថ្ងៃពុធនេះក៏ដោយ ប៉ុន្តែភាគីអ៊ីរ៉ង់នៅមិនទាន់ផ្តល់ចម្លើយច្បាស់លាស់ថានឹងចូលរួមឬយ៉ាងណាឡើយ ដោយសារទីក្រុងតេហេរ៉ង់ចាត់ទុកការបិទខ្ទប់កំពង់ផែ និងការស្ទាក់ចាប់នាវាដឹកប្រេងនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ពីសំណាក់អាមេរិក។
លោក ត្រាំ បានផ្ញើសារព្រមានយ៉ាងខ្លាំងៗថា អ៊ីរ៉ង់បានរំលោភលើបទឈប់បាញ់ជាច្រើនលើក និងបានគំរាមចាប់ផ្តើមសង្រ្គាមឡើងវិញដោយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌចរចា។
ការកើនឡើងនូវភាពតានតឹងយោធានៅតាមផ្លូវទឹកអន្តរជាតិនាពេលនេះ មិនត្រឹមតែធ្វើឱ្យទីផ្សារថាមពលពិភពលោកមានការរង្គោះរង្គើប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងរុញច្រានឱ្យកិច្ចខិតខំប្រឹងប្រែងការទូតចុងក្រោយ ក្លាយជាវិញ្ញាសាដ៏លំបាកបំផុតដែលពិបាកនឹងសម្រេចបាននូវសន្តិភាពមុនពេលសង្រ្គាមផ្ទុះឡើងវិញ៕
ចែករំលែកព័តមាននេះ