មណ្ឌលគិរី ៖ ដំណឹងរីករាយ ក្រសួងបរិស្ថាន បានឱ្យដឹងថា ហ្វូងដំរីអាស៊ីប្រមាណ ៥០ក្បាល បង្ហាញខ្លួនយ៉ាងត្រកាល ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
ជាក់ស្តែងក្រសួងបរិស្ថាន បានប្រកាសនាថ្ងៃទី២១ ខែមេសានេះថា ៖ ក្រុមល្បាតសហគមន៍តំបន់ការពារធម្មជាតិភូមិពូត្រំ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចុះល្បាតត្រង់ចំណុច ទឹកជ្រោះក្បាលព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានប្រទះឃើញដំរីចំនួនប្រមាណ៥០ក្បាល ចុះផឹកទឹក តាមការរាយការណ៍បានអោយដឹងថា ក្នុងនោះមានដំរីបណ្តើរកូនតូចជាច្រើន និងមានដំរីឈ្មោលមួយក្បាល មានប្លុកមួយចំហៀង និងកំបុតកន្ទុយផង ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការរកឃើញដំរីជាច្រើនក្នុងហ្វូង បង្ហាញពីក្តីសង្ឃឹម និងការកើនឡើងនៃចំនួនដំរី បន្ទាប់ពីមានការចូលរួមពីអ្នកពាក់ព័ន្ធ និងការយល់ដឹងពីប្រជាពលរដ្ឋ ក្នុងការថែរក្សាការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ ។
សូមបញ្ជាក់ថា កម្ពុជាកំពុងផ្តោតលើការការពារសត្វដំរីអាស៊ីប្រមាណ៤០០-៦០០ ក្បាល ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាមភាគខាងកើត ភូមិភាគឦសាន។ ក្រសួងបរិស្ថាន និងដៃគូ អនុវត្តផែនការសកម្មភាព ២០២០-២០២៩ ដើម្បីទប់ស្កាត់ការបាត់បង់ជម្រក, បង្ការការដាក់អន្ទាក់, និងកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីជដើម៕
ចែករំលែកព័តមាននេះ