ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃ​គម្រោង​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​ជាង​២៤៨​លាន​រៀល នៅ​សាលាឃុំ​តា​អុង ឆាចោល​ដោយសារ​បាតុភាព​រញ៉េរញ៉ៃ

39 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុន​ជា​ច្រើន​បាន​ចូលរួម​ប្រកួតប្រជែង​ដេញថ្លៃ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​ប្រវែង​៤៥០​ម៉ែត្រ ​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​២៤៨​លាន​រៀល ដោយ​ធ្វើ​ឡើង​នៅ​សាលាឃុំ​តា​អុង​ស្រុក​ចំការលើ នា​ព្រឹក​ថ្ងៃ​ទី​២១​ មេ​សា ឆ្នាំ​២០២៦​។ ​ចំពោះ​សកម្មភាព​នៃ​ការ​ដេញថ្លៃ​គឺ​បាន​ដំណើរការ​ទៅ​ដោយ​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​នៅ​​នាទី​​ចុង​ក្រោយ​ខ្វះ​មួយ​នាទី…

ខេត្តកំពង់ចាម ៖ ក្រុមហ៊ុន​ជា​ច្រើន​បាន​ចូលរួម​ប្រកួតប្រជែង​ដេញថ្លៃ​គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​អា​មេ​ប្រវែង​៤៥០​ម៉ែត្រ ​តម្លៃ​ដាក់​ឲ្យ​ដេញថ្លៃ​ជាង​២៤៨​លាន​រៀល ដោយ​ធ្វើ​ឡើង​នៅ​សាលាឃុំ​តា​អុង​ស្រុក​ចំការលើ នា​ព្រឹក​ថ្ងៃ​ទី​២១​ មេ​សា ឆ្នាំ​២០២៦​។

​ចំពោះ​សកម្មភាព​នៃ​ការ​ដេញថ្លៃ​គឺ​បាន​ដំណើរការ​ទៅ​ដោយ​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​នៅ​​នាទី​​ចុង​ក្រោយ​ខ្វះ​មួយ​នាទី ស្រាប់តែ​មានការ​សម្រុក​នាំ​គ្នា​ដាក់​ប៊ីត ចូល​ក្នុង​ប្រអប់​បង្កនូវ​​ភាព​ឥត​សណ្ដាប់ធ្នាប់ ធ្វើ​ឲ្យ​ជ្រុះ​ប្រអប់​សំបុត្រ​ត្រូវ​បាន​គណៈកម្មការ​សម្រេច​ឆាចោល​។

លោក​ទេព សុវណ្ណ​រិ​ទ្ធ មេឃុំ​តា​អុង​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​: ជា​រៀង​រាល់​ឆ្នាំ​សាលាឃុំ​តែងតែ​ខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​អភិវឌ្ឍន៍​ផ្លូវ​ដី​ទៅ​ជា​ផ្លូវ​បេតុង​នៅ​តាម​ភូមិដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បង្ករ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ។​ តាម​រយៈ​កញ្ចប់​ថវិកា បាន​រៀបចំ​ដាក់​ដេញថ្លៃ​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​ឆ្លងកាត់​ភូមិ​ចំនួន​៣ ក្នុង​នោះ​មាន​ភូមិ​ទួល​មាស ទួល​ប៉ែន​និង​អំពិល​ជួរ​ក្នុង​ឃុំ​តា​អុង ដោយ​គម្រោង​នេះ​ត្រូវ​បាន​ដេញថ្លៃ​ត​ភ្ជាប់​ផ្លូវ​ចាស់​ដែល​ដេញ​ពី​ឆ្នាំ​កន្លង​ទៅ​។

លោក​មេឃុំ​តា​អុង​មាន​ប្រសាសន៍​បន្ត​ថា ដោយ​មើលឃើញ​ផ្លូវ​នៅ​ក្នុង​ឃុំ​នេះ​មាន​សកម្មភាព​មមាញឹក​ទើប​ពិភាក្សា​គ្នា​ដើម្បី​បន្ត​ស្ថាបនា​ផ្លូវ​បេតុង​បន្ថែម​ទៀត​។​ជាមួយ​នោះ​បាន​រៀបចំ​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​សាលាឃុំ​នា​ព្រឹក​ថ្ងៃ​ទី​២១​មេ​សា ចំពោះ​ដំណើរការ​ចាប់ផ្ដើម​គឺ​មាន​របៀបរៀបរយ​បាន​ល្អ​នៅ​ច្រកចូល​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ ព្រមទាំង​ក្រុមបច្ចេកទេស​ឆែក​មើល​ស្រោមសំបុត្រ​ក្រុមហ៊ុន​នីមួយ​ៗ ដែល​បាន​ចូលរួម​ដេញថ្លៃ​។​ហើយ​ក្រុមហ៊ុន​ដែល​មិន​មានឈ្មោះ​ដេញថ្លៃ​គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​បរិវេណ​សាលាឃុំ​នោះ​ទេ​។

លោក​ថា​ដំណើរការ​ដេញថ្លៃ​គឺ​មានការ​រៀបចំ​បាន​ល្អ តែ​នៅ​ខ្វះ​មួយ​នាទី​ចុង​ក្រោយ​គឺ​មាន​ក្រុមហ៊ុន​ចំនួន​៤​ក្នុង​នោះ​មាន​: ១.​ក្រុមហ៊ុន​យ៉េន ស៊ីនួន ២.​ក្រុមហ៊ុន​យ៉េន ប៊ុ​ន​ថេ​ន ព្រមទាំង​ក្រុមហ៊ុន​២​ផ្សេង​ទៀត បាន​ក្រោក​ចេញពី​កៅអីអង្គុយ​នាំ​គ្នា​សម្រុក​ទៅ​ដាក់​ប៊ីត​ចូល​ក្នុង​ប្រអប់​សំបុត្រ ក្នុង​នោះ​មាន​ម្នាក់​បាន​ចាប់​ទាញ​ដំណាង​ក្រុមហ៊ុន​ជា​ស្ត្រី​ម្នាក់​រាង​មាឌ​ធាត់ មិន​ឱ្យ​ដាក់​បី​ត ព្រមទាំង​មានការ​ប្រទាញ​ប្រ​ទង​គ្នា​ជា​ហេតុ​ធ្វើ​ឲ្យ​ធ្លាក់​ឡាំង​ដាក់​ប៊ីត​។​ដោយ​មើលឃើញ​ការ​បាត់បង់​សណ្ដាប់ធ្នាប់​បែប​នេះ​រូប​លោក​ព្រមទាំង​ក្រុម​គណៈកម្មការ​ដេញថ្លៃ​បាន​សម្រេច​ឆាចោល​តែ​ម្ដង​។

លោក​មេឃុំ​បាន​បន្ថែម​ទៀត​ថា​ចំពោះ​គម្រោង​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​ប្រវែង ៤៥០​ម៉ែត្រ និង​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមបច្ចេកទេស​ដើម្បី​ឡី​លៃលក​ថា​តើ​នឹង​រៀបចំ​ដេញថ្លៃ​ម្ដងទៀត នៅ​ពេល​ណាមួយ​សមរម្យ​។​មេឃុំ​លាន់មាត់​ថា​កន្លង​មក​ពេល​ដេញថ្លៃ​នៅ​សាលាឃុំ​ច្រើន​ឆ្នាំ​ហើយ​មិន​ដែល​ជួប​បាតុភាព​បែប​នេះ​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ