ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់អះអាងថាខ្លួនមានសន្លឹកបៀរដ៏សំខាន់មួយទុកសម្រាប់តទល់គ្នានៅលើសមរភូមិប្រដាប់អាវុធ។ ការថ្លែងដូច្នេះនាំឱ្យគេម៉ៃថាប្រហែលជាអ៊ីរ៉ង់ចង់សំដៅទៅលើចលនាប្រដាប់អាវុធហ៊ូទីនៅប្រទេសយេម៉ែនដែលអាចនឹងបើកសមរភូមិថ្មី។ នោះគឺការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញនៅច្រកសមុទ្របាប អែល ម៉ាន់ដេប (Bab-el-Mandeb)។ ច្រកសមុទ្រនេះមានចម្ងាយ១២០០ម៉ាយពីច្រកហ័រម៉ូស និងលាតសន្ធឹងកាត់ជ្រោយអារ៉ាប់។

ទីនេះក៏ជាប៉ុស្តិ៍ឆែកឆេរដ៏គ្រោះថ្នាក់សម្រាប់កប៉ាល់ដឹកទំនិញផងដែរ។ ក្រុមហ៊ូទីបានបម្លែងច្រកសមុទ្រនេះទៅជាអាវុធសេដ្ឋកិច្ចកាលពីអំឡុងឆ្នាំ២០២៣ និង២០២៥។ ពួកគេវាយប្រហារកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រនេះដោយប្រើប្រាស់ដ្រូន និងមីស៊ីលនៅអំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់នៅតំបន់ហ្កាហ្សា។ ការវាយប្រហាររបស់ហ៊ូទីពេលនោះបង្កការខូចខាតធ្ងន់ធ្ងរសម្រាប់សង្វាក់ផ្គត់ផ្គង់ទំនិញ និងការធ្វើពាណិជ្ជកម្មឆ្លងកាត់សមុទ្រក្រហម។ កប៉ាល់ដឹកទំនិញត្រូវបើកវាងច្រកនេះ ដូច្នេះត្រូវចំណាយសោហ៊ុយកាន់តែច្រើនលើការដឹកជញ្ជូន។

ប្រសិនបើក្រុមហ៊ូទីលេងស្នៀតនេះម្ដងទៀត ពេលនោះអាមេរិកនឹងរងសម្ពាធកាន់តែខ្លាំង។ សេដ្ឋកិច្ចពិភពលោកដែលកំពុងតែរង្គោះរង្គើស្រាប់ដោយសារសង្គ្រាមរយៈពេល៧សប្ដាហ៍ និងការបិទច្រកហ័រម៉ូសនោះនឹងប្រឈមនឹងអស្ថិរភាពកាន់តែខ្លាំង។ គេនៅចាំបានថាក្រុមហ៊ូទីធ្លាប់ប្រកាសថា «ម្រាមដៃរបស់ពួកគេនៅនឹងកៃកាំភ្លើង»។ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេមិនទាន់ធ្វើសកម្មភាពនៅឡើយទេ។

ក្រុមអ្នកវិភាគយល់ថាក្រុមហ៊ូទីថ្វីដ្បិតជាកូនជឹងរបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេមិនមែនបញ្ជាបានស្រេចតែនឹងចិត្តនោះទេ។ ពួកគេមានស្វ័យភាពផ្ទាល់ខ្លួន ហើយចង់គិតអំពីបញ្ហានៅក្នុងស្រុកច្រើនជាង។ ក្រុមនេះអាចនឹងស្ទាក់ស្ទើរក្នុងការចូលរួមជាមួយអ៊ីរ៉ង់ប្រសិនបើពួកគេប្រមើលឃើញថាការវាយប្រហារកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហមធ្វើឱ្យសង្គ្រាមឆាបឆេះកាន់តែខ្លាំង ហើយធ្វើឱ្យផែនការរបស់ពួកគេនៅប្រទេសយេម៉ែនទទួលរងហានិភ័យ៕ ប្រភព៖ តេឡេក្រាហ្វ (Telegraph) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ