ខេត្តស្ទឹងត្រែង៖ ស្ត្រីម្នាក់ដែលចាញ់បោកសម្ដីផ្អែមល្ហែមរបស់បុរសជាកម្មករសាងសង់បង្គោលអគ្គិសនី បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងសុំបញ្ចប់ទំនាក់ទំនង និងទាមទារចែកប្រាក់ឈ្នួលដែលរកបានរួមគ្នា ក្រោយរងការធ្វើបាបរាងកាយយ៉ាងធ្ងន់ធ្ងររហូតដល់ប៉ោងមុខមាត់។
យោងតាមរបាយការណ៍ពីលោក ឈួន ឈិត មេប៉ុស្តិ៍ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ត្រីរងគ្រោះឈ្មោះ អ៊ុន ហេង អាយុ ៣១ឆ្នាំ រស់នៅភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ បានមកដាក់ពាក្យបណ្ដឹងប្តឹងបុរសជាគូស្នេហ៍ ពាក់ព័ន្ធនឹងករណីហិង្សាកាលពីយប់ថ្ងៃទី១៧ ខែមេសា។
ជនរងគ្រោះបានរៀបរាប់ទាំងការឈឺចាប់ថា ស្នេហាដែលផ្ដើមចេញពីការភូតភរ។ ជនបង្កបានមកលួងលោមនាងថាខ្លួនជាបុរសនៅលីវ រហូតនាងជឿជាក់ និងរស់នៅជាមួយគ្នាជិតកន្លះឆ្នាំ ទើបដឹងការពិតថា បុរសនោះមានប្រពន្ធ កូន និងមានស្រីកំណាន់ជាច្រើនទៀត។
បុរសនោះបានបញ្ចុះបញ្ចូលឱ្យនាងឈប់លក់ដូរ ហើយទៅធ្វើការជាមួយខ្លួន។ ពួកគេរកចំណូលបានរួមគ្នា ៧០០ដុល្លារ ក្នុងមួយខែ ប៉ុន្តែលុយទាំងអស់ត្រូវបានបុរសនោះគ្រប់គ្រងម្នាក់ឯង ដោយសន្យាថានឹងសន្សំទុកសាងសង់ផ្ទះ និងរថយន្តឱ្យ។
ដោយសារការប្រចណ្ឌខ្លាំង និងរស់នៅមិនចុះសម្រុង ជនរងគ្រោះបានសុំចែកផ្លូវ ប៉ុន្តែជនបង្កមិនព្រម និងបានប្រើហិង្សាវាយដំលើផ្ទៃមុខនាងយ៉ាងដំណំ។ នៅក្នុងពាក្យបណ្ដឹង ស្ត្រីរងគ្រោះបានដាក់លក្ខខណ្ឌចំនួន ២ ចំណុច ៖ទាមទារឱ្យជនបង្កផ្តិតមេដៃបញ្ចប់ការរស់នៅជាមួយគ្នាជាដាច់ខាត។ទាមទារចែកប្រាក់ខែដែលរកបានរួមគ្នារយៈពេល ២២ខែ ជាពីរចំណែកស្មើគ្នា ដោយនាងសុខចិត្តសងប្រាក់ប្រហែល ១,០០០ដុល្លារ ដែលធ្លាប់ចាយវាយកន្លងមកទៅឱ្យបុរសនោះវិញ។
លោកមេប៉ុស្តិ៍បានបញ្ជាក់ថា ក្នុងការសម្របសម្រួលដំបូង ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងគ្នាបានឡើយ។ ដូច្នេះ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលអន្លង់ភេ បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដើម្បីបន្តនីតិវិធីចាត់ការតាមច្បាប់ទាក់ទិនករណីខាងលើយើងមិនអាចធ្វើការទំនាក់ទំនងសុំការសុំការបំភ្លឺពីបុរសខាងលើបានទេ ៕



ចែករំលែកព័តមាននេះ