ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័ធុរិទ្ធ ក្រោយពីមានប្រភពព័ត៌មានតាមបណ្ដាញសង្គមជាច្រើន បានផ្សព្វផ្សាយពីអំពើហិង្សារបស់នគរបាលម្នាក់មកលើស្ត្រីអ្នករកស៊ីចាប់ទឹកកកបម្រើភ្ញៀវកម្មវិធី បណ្ដាលឱ្យមានរបួសស្នាម កាលពីយប់ថ្ងៃទី១៩ មេសា ឆ្នាំ២០២៦ បង្កឲ្យមានរបួសស្នាម លោកបានបញ្ជាឲ្យអធិការក្រុងកំពតនាំខ្លួនជនបង្កមកអនុវត្តតាមផ្លូវច្បាប់ដោយគ្មានការលើកលែង លោកក៏បានជម្រាបដល់សាធារណៈជនឲ្យបានជ្រាបផងដែរ អំពីការយឺតយ៉ាវក្នុងការចាត់វិធានការចំពោះករណីហិង្សានេះភ្លាមៗ គឺដោយសារជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ទើបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន ។

លោក កុល ណារុំ អធិការនគរបាលក្រុងកំពតបានប្រាប់កោះសន្តិភាពតាមទូរសព្ទ័ កាលពីល្ងាចថ្ងៃទី២០ មេសា ឆ្នាំ២០២៦នេះថា ករណីមានហិង្សាបង្ករបួសស្នាមពីសំណាក់មន្ត្រីនគរបាលម្នាក់បំរើការងារក្នុងអធិការក្រុងកំពត កាលយប់ថ្ងៃទី១៩ មេសា ឆ្នាំ២០២៦ នោះ នៅថ្ងៃទី២០/០៤/២៦ ជនបង្កនិងជនរងគ្រោះបានសម្របសម្រួលបញ្ចប់រឿងរួចរាល់អស់ហើយដោយជនរងគ្រោះមិនបានប្តឹងប្តល់អ្វីឡើយ។
ជុំវិញករណីខាងលើ លោកឧត្តមសេនីយត្រីលក ញ៉ាវ ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ក្នុងករណីខាងលើ ចំពោះកងកំលាំងដែលប្រព្រឹត្តខុសក្នុងវិន័យកងកំលាំងហើយ ទោះបីមានការសម្របសម្រួលពីច្បាប់រដ្ឋប្បវេណីមានការយល់ព្រមមិនប្តឹងប្តល់ពីជនរងគ្រោះក៏ដោយ ក៏ជនបង្កនៅជាប់ពាក់ពន្ធ័លើបណ្តឹងអាជ្ញាត្រូវអនុវត្តទោសតាមច្បាប់ដែរ។
ជនបង្កហិង្សាខាងលើ មានឈ្មោះ ទេព សុខផេង ជានគរបាលក្នុងអង្គភាពអធិការក្រុងកំពត រីឯស្ត្រីរងគ្រោះមានឈ្មោះទិត ធូ អាយុជាង៣០ឆ្នាំ រស់នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត មុខរបរស៊ីឈ្នួលចាប់ទឹកកក ក្នុងកម្មវិធីផ្សេងៗ ។
ជនបង្កជានគរបាលខាងលើ ត្រូវបានកំលាំងការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីអនុវត្តតាមច្បាប់ ។ គេរង់ចាំមើលថា តើវាសនាលោកមន្ត្រីនគរបាលរូបនេះ ត្រូវទទួលទោសទ័ណ្ឌយ៉ាងណា ទុកឲ្យច្បាប់ជាអ្នកសម្រេចចុះ ៕
ចែករំលែកព័តមាននេះ