ខេត្តមណ្ឌលគិរី ៖ ផ្លែសំរងនារដូវប្រមូលផលដើមដៃឆ្នាំ២០២៦នេះទទួលបានថ្លៃ គឺជាង៤ម៉ឺនរៀល ក្នុង១គីឡូ ខណៈបងប្អូនប្រជាពលរដ្ឋនៅស្រុកកែវសីមា ដែលទំនេរពីរដូវធ្វើស្រែចំការ បាននាំគ្នាចូលទៅក្នុងព្រៃដើម្បីស្វែងរករើសគ្រាប់សំរ៉ងលក់យ៉ាងសប្បាយរីករាយ។
អ្នកស្រី ពិន ស្រីលីន ម្ចាស់ដេប៉ូទិញ ដំឡូមី គ្រាប់ស្វាយចន្ទីនិងផ្លែសំរង ដែលមានទីតាំងនៅឃុំស្រែព្រះ ស្រុកកែវសីមា បានឲ្យដឹងថា រដូវដើមដៃនេះ(គិតត្រឹមថ្ងៃទី២១ មេសា ) គាត់ទទួលទិញផ្លែសំរ៉ងទុំដើម(ស្ងួត) ក្នុងតម្លៃ ៤៥ ០០០៛ ទៅ ៤៧ ០០០៛ ដែលក្នុងមួយថ្ងៃគាត់អាចទទួលទិញពីអ្នកភូមិប្រមាណពី២០០គីឡូ ទៅ៣០០គីឡូក្រាម ប៉ុណ្ណោះ ។
ម្ចាស់ដេប៉ូដដែលបន្តថា ផ្លែសំរង មិនសម្បូរទីផ្សារដូចដំឡូមី និងគ្រាប់ស្វាយចន្ទីទេ ដ្បិតវាជាអនុផលព្រៃឈើ ដែលជួនកាលមាន ជួនកាលអត់ ។ ដូច្នេះតម្លៃលើទីផ្សារមានតែមួយប្រាវៗប៉ុណ្ណោះ ហើយចំណែកថៅកែទិញនៅខាងប្រទេសវៀតណាម គឺពឹងផ្អែកលើការបញ្ជាទិញពីថៅកែនៅប្រទេសចិនដែរ ។ តែអ្នកស្រីលីន អះអាងថា ឆ្នាំ២០២៦នេះ តម្លៃទទួលទិញគ្រាប់សំរ៉ងពីអ្នកភូមិ គឺប្រហាក់ប្រហែលតម្លៃកាលឆ្នាំ២០២៥ដែរ មិនលើសខ្វះគ្នានោះទេ ។ចំណែកអ្នកភូមិនៅតែអាច រកកម្រៃបានពីរបរតាមរដូវកាលនេះ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ថែមលើ ការងារកសិកម្មដែលមានស្រាប់ ។
ពាក់ព័ន្ធនឹងសកម្មភាពប្រមូលផលអនុផលព្រៃឈើនេះ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ក្នុងនាមមន្ទីរជំនាញ លោកតែងតែផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទាញយកផលប្រយោជន៍ពីព្រៃឈើតាមបែបធម្មជាតិ។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ និងអំពាវនាវដល់អ្នកទៅរើសគ្រាប់សំរ៉ងទាំងអស់នូវចំណុចសំខាន់ៗដូចខាងក្រោម ហាមកាប់រំលំដើម ប្រជាពលរដ្ឋត្រូវរង់ចាំរើសគ្រាប់ដែលជ្រុះមកដី ឬបេះតាមបច្ចេកទេស ជៀសវាងការកាប់រំលំដើមសំរ៉ង ដែលជាការបំផ្លាញធនធានធម្មជាតិ និងធ្វើឱ្យបាត់បង់ផលប្រយោជន៍នៅឆ្នាំក្រោយៗ។ អំឡុងពេលចូលព្រៃ ត្រូវប្រយ័ត្នប្រយែងចំពោះការប្រើប្រាស់ភ្លើង ចម្អិនអាហារ ឬបោះចោលកន្ទុយបារី ដែលអាចបង្កជាភ្លើងព្រៃឆេះបំផ្លាញជម្រកសត្វ និងជីវៈចម្រុះ។ ការប្រមូលផលដោយចេះថែរក្សា គឺជាការចូលរួមចំណែកការពារព្រៃឈើឱ្យនៅគង់វង្ស សម្រាប់ជាប្រយោជន៍ដល់សហគមន៍យូរអង្វែង។
សូមបញ្ជាក់ថា ដើមសំរង គឺជាប្រភេទឈើដែលផ្តល់ផលមិនទៀងទាត់ឡើយ (ជួនកាល ២ ទៅ ៣ឆ្នាំ ទើបមានផ្លែម្តង) ដូច្នេះហើយទើបគ្រាប់សំរងតែងតែមានតម្លៃថ្លៃ និងមានតម្រូវការខ្ពស់លើទីផ្សារសម្រាប់សុខភាព។ ការរក្សានិរន្តរភាពនៃដើមសំរ៉ង មិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា «ឆ្នាំងបាយ» ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ការពារធម្មជាតិផងដែរ៕








ចែករំលែកព័តមាននេះ