ទីក្រុងវ៉ាស៊ីនតោន៖ យោធាអាមេរិកថ្លែងថាខ្លួនបានបញ្ឈប់នាវាដឹកទំនិញមួយគ្រឿងដែលព្យាយាមបើកកាត់របាំងការពារដើម្បីបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់។ នាវានោះប្រុងដឹកទំនិញចូលចតនៅកំពង់ផែអ៊ីរ៉ង់។ អាមេរិកបានបាញ់មីស៊ីលមួយគ្រាប់សំដៅទៅរកម៉ាស៊ីនរបស់នាវា។ នេះបើយោងតាមការប្រកាសរបស់អគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក។ កប៉ាល់ដឹកទំនិញដែលដោតទង់ជាតិប្រទេសហ្កំប៊ីនោះឈ្មោះលៀនស្តា (Lian Star)។ អាមេរិកចេញសេចក្ដីព្រមានជាងម្ភៃដង ប៉ុន្តែនាវានោះមិនព្រមឈប់ទេ។ ហេតុនេះ អាមេរិកសម្រេចចិត្តបាញ់តែម្ដង។ នាវានោះបើកបរនៅលើឈូងសមុទ្រអូម៉ង់។

អាមេរិកចាប់ផ្ដើមបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី១៧ ខែមេសារហូតមកដល់បច្ចុប្បន្ន។ ចំណែកបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់កើតមានឡើងចាប់តាំងពីថ្ងៃទី៧ ខែមេសា ហើយបន្តនៅជាធរមានរហូតដល់សព្វថ្ងៃ។ ឥឡូវនេះ តំបន់មជ្ឈិមបូព៌ាកំពុងទន្ទឹងរង់ចាំពាក្យថាតើអាចសម្រេចបានកិច្ចព្រមព្រៀងដើម្បីបន្តសុពលភាពនៃបទឈប់បាញ់រយៈពេល៦០ថ្ងៃទៅមុខទៀតដែរឬទេ។ រីឯការចរចាគ្នាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នឹងនៅតែបន្តធ្វើ។ ព្រឹត្តិការណ៍នៅច្រកសមុទ្រហ័រម៉ូសដែលជាច្រកផ្លូវទឹកដ៏សំខាន់រវាងអ៊ីរ៉ង់ និងអូម៉ង់បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។ ការដឹកជញ្ជូនប្រេងឆៅ ហ្គាស និងជីកសិកម្មត្រូវជាប់គាំង។

ការដែលអាមេរិកបិទខ្ទប់ដែនសមុទ្រអ៊ីរ៉ង់មិនឱ្យកប៉ាល់ចេញ ឬចូលកំពង់ផែរបស់ប្រទេសនេះដើម្បីធ្វើឱ្យប្រទេសនេះមិនអាចទទួលបានថវិកា និងដើម្បីបង្កើនសម្ពាធកាន់តែខ្លាំងឡើងៗសម្រាប់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ដែលកំពុងទន់ខ្សោយស្រាប់ទៅហើយ។ កាលពីថ្ងៃសុក្រ លោកត្រាំកោះប្រជុំទីប្រឹក្សារបស់លោក ប៉ុន្តែមិនទាន់សម្រេចថានឹងអនុម័តកិច្ចព្រមព្រៀងគ្នាដើម្បីបន្តសុពលភាពនៃបទឈប់បាញ់ឬយ៉ាងណាទេ។ អ៊ីរ៉ង់ថ្លែងថាប្រសិនបើហ៊ានរំលោភទៅលើវិធានការច្បាប់ទាំងនេះ ខ្លួននឹងធ្វើឱ្យសន្តិសុខនៅច្រកសមុទ្រហ័រម៉ូសស្ថិតនៅក្នុងហានិភ័យកម្រិតខ្ពស់។

អ៊ីរ៉ង់ថែមទាំងគិតលុយសម្រាប់ការដឹកជញ្ជូនទំនិញកាត់ច្រកនោះរហូតដល់កប៉ាល់មួយគ្រឿងគិតលុយ២លានដុល្លារ។ អ្នកជំនាញចាត់ទុកថានេះជាការរំលោភគោលការណ៍ស្ដីពីការធ្វើពាណិជ្ជកម្មជាអន្តរជាតិ។ នោះគឺសេរីភាពខាងការធ្វើនាវាចរណ៍ដោយសេរីនៅក្នុងបុព្វហេតុសន្តិភាព។ ឧបនាយករដ្ឋមន្ត្រីកាតាថ្លែងថាបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សជំទាស់នឹងការគិតលុយចំពោះការធ្វើដំណើររបស់កប៉ាល់កាត់ច្រកហ័រម៉ូស៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ