ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ច្រាន​ចោល​ការ​អះ​អាង​របស់​ចិន​ដែល​ថា​ «ខ្លួន​ចង់​ងាក​ទៅ​រក​របប​យោធា​និយម​សា​ជា​ថ្មី​»

2 ម៉ោង មុន

សិង្ហបុរី៖ រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ប្រទេស​របស់​លោក​ចង់​ងាក​ទៅ​រក​របប​យោធា​និយម​ជា​ថ្មី​។ លោក​រិះគន់​ថា​ប្រទេស​ចិន​ទៅ​វិញ​ទេ​កំពុង​បង្កើន​សមត្ថ​ភាព​យោធា​កាន់​តែ​ឆាប់​រហ័ស​ដោយ​គ្មាន​ប្រកាស​ប្រាប់​គេ​ឯង​ឱ្យ​ដឹង​ឮ​ដើម្បី​ធានា​តម្លា​ភាព​​នោះ​ឡើយ​។ ការ​ថ្លែង​ដូច្នេះ​មាន​ន័យ​ថា​ប្រទេស​ទាំង​២​កំពុង​មាន​ភាព​តាន​តឹង​នឹង​គ្នា​កាន់​តែ​ខ្លាំង​។ លោក​ថ្លែង​នៅ​ឯ​កិច្ច​ប្រជុំ​សាំង​គ្រី​ឡា​ដែល​រៀប​ចំនៅ​សិង្ហបុរី​ថា​ប្រទេស​ចិន​នៅ​តែ​បន្ត​ចំណាយ​​ថវិកា​ច្រើន​ឡើង​ៗ​លើ​វិស័យ​ការ​ពារ​ជាតិ​។ នយោបាយ​ក្រៅ​ប្រទេស​របស់​ចិន និង​សកម្មភាព​យោធា​របស់​ប្រទេស​ចិន​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ជប៉ុន និង​សហ​គមន៍​អន្តរ​ជាតិ​។

លោក​ច្រាន​ចោល​ការ​អះ​អាង​ថា​ប្រទេស​ជប៉ុន​កំពុង​ងាក​ទៅ​រក​លទ្ធិ​យោធា​និយម​ជា​ថ្មី​។ លោក​ថា​សាក​គិត​ទៅ​មើល ប្រទេស​មួយ​មាន​ឃ្លាំង​អាវុធ​នុយ​ក្លេអ៊ែរ​ដ៏​ធំ​ និង​មាន​យន្ត​ហោះ​ទម្លាក់​គ្រាប់​ជា​យុទ្ធ​សាស្ត្រ​ក៏​ធំ​។ ងាក​មក​ជប៉ុន​គ្មាន​អាវុធ​បែប​នេះ​ទេ​។ តើ​បែប​នេះ​ឬ​ដែល​ថា​ជប៉ុន​ងាក​ទៅ​រក​លទ្ធិ​យោ​ធា​និយម​នោះ​? ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​ ជប៉ុន​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​ច្បាប់​អន្តរ​ជាតិ​រួម​ទាំង​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ហើយ​ជប៉ុន​ខិត​ខំ​ដោយ​សុទ្ធ​ចិត្ត​ដើម្បី​ថែ​រក្សា​ និង​ពង្រឹង​សណ្ដាប់​ធ្នាប់​ពិភព​លោក​។

កាល​ពី​ខែ​ឧសភា ក្រសួង​ការ​បរទេស​ចិន​បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ី​ហ្វិច​បន្ត​ឃ្លាំ​មើល​ និង​ប្រឆាំង​នឹង​ទង្វើ​របស់​ជប៉ុន​ដែល​ងាក​ទៅ​រក​របប​ដឹក​នាំ​បែប​យោធា​និយម​ជា​ថ្មី​។ ទំនាក់​ទំនង​រវាង​ជប៉ុន និង​ចិន​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក​ស្រី​តាកា​អ៊ីឈិ​ ថ្លែង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៥​ថា​ជប៉ុន​អាច​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ជួយ​តៃវ៉ាន់​ប្រ​សិន​បើ​​កោះ​នេះ​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​កង​ទ័ព​ចិន​។

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​សម្ដែង​ការ​សោក​ស្ដាយ​ដែល​គ្មាន​ឱកាស​បាន​ជួប​សមភាគី​ចិន​នៅ​ឯ​វេទិកា​នោះ​។ ប៉ុន្តែ​ជា​ថ្មី​ម្ដង​ទៀត​ យើង​បើក​ទ្វារ​ទូលាយ​ជា​និច្ច​សម្រាប់​ការ​ជជែក​គ្នា​។ លោក​នៅ​តែ​បន្ត​គាំទ្រ​ការ​ទំនាក់ទំនង​គ្នា​នៅ​ក្នុង​ចំណោម​ប្រទេស​ពាក់​ព័ន្ធ​ទាំង​អស់​រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​ដើម្បី​ថែ​រក្សា​សន្តិ​ភាព​ និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​ និង​សាកល​លោក​។ គិត​ទាំងឆ្នាំ​នេះ​ទៀត​រយៈ​ពេល​២​ឆ្នាំ​ហើយ​ដែល​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​អវត្ត​មាន​ពី​កិច្ច​ប្រជុំ​សាំង​គ្រីឡា​ ហើយ​ខក​ខានមិន​បាន​ជួប​សមភាគី​របស់​លោក​៕ ប្រភព៖ Channel News Asia