ម្ចាស់ចេញទៅកម្មវិធីឡើងផ្ទះមិត្តភក្តិ លុះត្រឡប់មកវិញ ភ្លើងឆេះផ្ទះលក់គ្រឿងអគ្គិសនី២ល្វែង អស់កន្លះលានដុល្លារ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានករណីអគ្គីភ័យឆាបឆេះផ្ទះលក់គ្រឿងអេឡិកត្រូនិក និងសម្ភារៈអគ្គីសនី០២ល្វែងយ៉ាងសន្ធោសន្ធៅខណៈម្ចាស់ផ្ទះះ០២នាក់ប្តីប្រពន្ធចាកចេញពីផ្ទះទៅចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី របស់មិត្តភក្តិនៅឯស្រុកស្វាយជ្រំ ពេលត្រឡប់មកដល់ផ្ទះវិញអណ្តាតភ្លើងឆេះពេញបន្ទុកទៅហើយ ការខូចខាតទាំងស្រុងគិតជាទឹកប្រាក់កន្លះលានដុល្លារ។
ករណីអគ្គីភ័យនេះបានកើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ០៦និង៣០យប់ ស្ថិតនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះលក់គ្រឿងអគ្គិសនីចំនួន២ល្វែង ធ្វើអំពីបេតុង ដែលមានបណ្តោយ១៦ម៉ែត្រ និងទទឹង៨ម៉ែត្រដែលម្ចាស់ផ្ទះឈ្មោះ សេង សុខលុច ភេទប្រុស អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះស្រីទូច អាយុ៣៥ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្ដពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង រថយន្ដពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចំនួន១គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន១គ្រឿង រថយន្ដពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុករំដួលចំនួន១គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន១គ្រឿង ប្រើសប្រាស់ទឹកអស់ចំនួន២៨ឡាន រហូតដល់ម៉ោង០៨និង៣០នាទីយប់ទើបរលត់ទាំងស្រុង។សម្ភារៈខូចខាតមានគ្រឿងអេឡិចត្រូនិក និងសម្ភារអគ្គិសនីមួយចំនួនធំគិតជាទឹកប្រាក់កន្លះលានដុល្លារ។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុមកពីឆ្លងចរន្តអគ្គិសនី ៕






















ចែករំលែកព័តមាននេះ