ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ព្រមា.ន​ពី​ហានិភ័យ​ខ្ពស់​នៃ​មហា​គ្រោះ​រញ្ជួយ​ដី​កម្រិត ៨,០ រ៉ិ​ច​ទ័​រ ឬ​ខ្លាំង​ជាង​នេះ នៅ​ស​ប្តា​ហ៍​ក្រោយ

6 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ព្រមាន​អំពី​ហានិភ័យ​ខ្ពស់​នៃ​មហា​គ្រោះ​រញ្ជួយ​ដី​កម្រិត ៨,០ រ៉ិ​ច​ទ័​រ ឬ​ក៏​ខ្លាំង​ជាង​នេះ នៅ​ស​ប្តា​ហ៍​ក្រោយ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​កម្រិត ៧,៧…

ប្រទេស​ជប៉ុន ៖ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ព្រមាន​អំពី​ហានិភ័យ​ខ្ពស់​នៃ​មហា​គ្រោះ​រញ្ជួយ​ដី​កម្រិត ៨,០ រ៉ិ​ច​ទ័​រ ឬ​ក៏​ខ្លាំង​ជាង​នេះ នៅ​ស​ប្តា​ហ៍​ក្រោយ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​កម្រិត ៧,៧ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ ភាគ​ខាងជើង កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ ជំរុញ​ឱ្យ​មានការ​ចេញ​បទបញ្ជា​ជម្លៀស​ប្រជាជន និង​ការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មិ​កម្ពស់​៣​ម៉ែត្រ​។ នេះ​បើ​តាម​ប្រភព​ពី NHK, Japan Today និង BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៦​។

តាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​រាយការណ៍​ថា ប្រហែល​៤០​នាទី បន្ទាប់​ពី​ការ​រញ្ជួយ​ដី រលក​យក្ស​ស៊ូ​ណា​មិ​កម្ពស់ ៨០ សង់ទីម៉ែត្រ បាន​វាយប្រហារ​កំពង់​ផែ​មួយ​នៅ​ទីក្រុង Kuji​ខេត្ត Iwate ដែល​ដំបូង​ឡើយ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​កម្រិត ៧,៤ រ៉ិ​ច​ទ័​រ មុន​ពេល​កែសម្រួល​ទៅ​ដល់​កម្រិត ៧,៧ រ៉ិ​ច​ទ័​រ​។

ទីភ្នាក់ងារ​បាន​ចេញ​ការ​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​សម្រាប់​ខេត្ត Iwate និង​ឆ្នេរសមុទ្រ​ខេត្ត Hokkaido និង Aomori នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមេសា ដោយ​រលក​យក្ស​ដែល​មាន​កម្ពស់​រហូត​ដល់ ៣ ម៉ែត្រ អាច​នឹង​កើតឡើង​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ការ​ព្រមាន​ទាំងនោះ ត្រូវ​បាន​ដក​ចេញ​វិញ នៅ​ម៉ោង ១១:៤៥ នាទី​យប់ (​ម៉ោង​ក្នុងស្រុក​)​។

វី​ដេ​អូ​ពី​ទូរទស្សន៍​ជាតិ​ជប៉ុន NHK មិន​បាន​បង្ហាញ​ពី​ការ​ខូចខាត​ណាមួយ​នៅ​ជុំវិញ​កំពង់​ផែ​ជា​ច្រើន​នៅ​ខេត្ត Iwate នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​អាច​វាយប្រហារ​តំបន់​នេះ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ខាង​មុខ ជាមួយ​ហានិភ័យ​នៃ​ការ​រញ្ជួយ​ដី​ដល់​កម្រិត ៨,០ រ៉ិ​ច​ទ័​រ ឬ​ខ្ពស់​ជាង​នេះ ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ចូល​កម្រិត មហា​គ្រោះ​រញ្ជួយ​ដី (Mega Quake)​។

ការ​ជូនដំណឹង​នេះ​គ្របដណ្ដប់​លើ​ក្រុង​ចំនួន ១៨២ នៅ​ក្នុង​ខេត្ត Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki និង Chiba​។ ប្រជាជន​នៅ​តំបន់​ទាំងនោះ គួរតែ​អនុវត្ត​តាម​ការ​ជូនដំណឹង​នេះ​រហូត​ដល់​ម៉ោង ៥ ល្ងាច ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ ប៉ុន្តែ​មិន​បាន​អំពាវនាវ​ឱ្យ​មានការ​ជម្លៀស​ជា​មុន​នោះ​ទេ​។

គួរ​រំលឹក​ថា ប្រជាជន​ជប៉ុន​នៅ​តែ​ដិត​ជាប់​ស្លាកស្នាម​ភ័យរន្ធត់​នៃ​គ្រោះ​រញ្ជួយ​ដី​ដ៏​សាហាវ​បំផុត​កម្រិត ៩,០ រ៉ិ​ច​ទ័​រ​ក្នុង​ឆ្នាំ ២០១១ នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​នៃ​ខេត្ត Iwate ដែល​ជា​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​បំផុត​ដែល​ខ្លួន​បាន​កត់​ត្រាទុក ដោយ​វា​បង្ក​ឱ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​សម្លាប់​មនុស្ស​ជាង ១៨ ០០០​នាក់ និង​បណ្តាល​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​នៅ​រោងចក្រ​នុយក្លេអ៊ែរ Fukushima ដែល​ជា​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ