ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញព្រហ្មទណ្ឌខេត្ដ បានសហការទទួលករណីជនជាតិចិនដែលប្រតាយប្រតប់គ្នាលើរថយន្ត នៅច្រកចេញផ្លូវល្បឿនលឿនកំពង់ស្ពឺកើត កាលពីវេលាម៉ោង១១ និង២៨នាទីរំលងអធ្រាត្រថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅមុខបញ្ជរបង់ប្រាក់កំពង់ស្ពឺកើត ក្នុងភូមិរំលោង ឃុំវល្ល៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា ដោយបានកិច្ចសហការពីនគរបាលចរាចរណ៍ដែលប្រចាំការនៅផ្លូវល្បឿនលឿន រថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD ពណ៌.ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 2BY-8075 អាចមានអ្នកជិះ៣ ទៅ៤នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងនោះ មានជនជាតិខ្មែរជាអ្នកបើករថយន្ត និងជនជាតិចិនជាអ្នកជិះបាននាំគ្នារត់ចុះពីលើរថយន្ដ ដោយមិនដឹងមូលហេតុអ្វីប្រាកដ ។

នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា បើតាមការពិនិត្យកាមេរ៉ាសុវត្ថិភាពមុនពេលកើតហេតុរថយន្តនេះ បានបើកចេញពីខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនវេលាម៉ោង ២២និង១៥នាទីយប់ថ្ងៃទី១៩ មេសា មកចេញនៅបញ្ជរបង់ប្រាក់កំពង់ស្ពឺកើត វេលាម៉ោង ២៣ និង២៣នាទី ពេលកំពុងបង់ប្រាក់មានសកម្មភាពវាយប្រតាយប្រតប់គ្នាពេញក្នុងរថយន្ត រួចរថយន្តបានជិះបុកបារ៉ាសចេញមកឈប់នៅខាងក្រៅ ក៏មានជនជាតិចិនម្នាក់លោតចេញពីក្នុងរថយន្តទៅទិសខាងកើតបាត់ ហើយមានមនុស្សប្រុស៣នាក់ទៀតរត់ដេញតាមរកមួយសន្ទុះក្រោមមក មនុស្សទាំង០៣នាក់នោះបានឡើងជិះរថយន្ត TOYOTA ALPHART ពណ៌ខ្មៅ០១គ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8785 ទៅទិសខាងកើតតាមផ្លូវជាតិលេខ៤បាត់ទៅ ។

បច្ចុប្បន្ន នគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានយករថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 2BY-8075 បន្ដស្រាវជ្រាវស្វែងរកមនុស្សទាំងអស់នោះមកសួរនាំដើម្បីដឹងមូលហេតុពិត ៕


ចែករំលែកព័តមាននេះ