រាជធានីភ្នំពេញ ៖ ប្ដីប្រពន្ធអ្នកលក់ប្រហិតចៀន និងភេសជ្ជៈតាមរ៉ឺម៉កម៉ូតូ ខណៈបោសសម្អាតរៀបចំកន្លែងលក់ដូរ ស្រាប់តែប្រទះឃើញឆ្អឹងស្មងជើង ឆ្អឹងត្រគាក និងឆ្អឹងភ្លៅសពមនុស្សប្រុស កប់ក្នុងស្មៅងាប់ៗ លាយជាមួយភក់នៅក្បែរប្រឡាយទឹកស្អុយមួយកន្លែង។ ពេលនោះពួកគាត់ក៏បានស្រែកប្រាប់អ្នកជិតខាង ទាំងភ្ញាក់ផ្អើលឲ្យទៅចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលភ្លាមៗផងដែរ ។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលពីវេលាម៉ោង០៥និង១០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅក្បែរប្រឡាយទឹកស្អុយ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្ដីប្រពន្ធអ្នកលក់ប្រហិតចៀន និងភេសជ្ជៈ បាននិយាយថា ទីតាំងខាងលើជាកន្លែង ដែលពួកគាត់ដាក់លក់ប្រហិតចៀន និងភេសជ្ជៈផ្សេងៗជារៀងរាល់ថ្ងៃ រយៈពេល៤ទៅ៥ខែកន្លងមកហើយ តែពុំដែលបានឃើញឆ្អឹងមនុស្សនេះឡើយ ។ ដោយឡែកនៅរយៈពេលកន្លះខែចុងក្រោយនេះ ដោយឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពួកគាត់មិនបានលក់ឡើយ រហូតមកដល់វេលាល្ងាចថ្ងៃកើតហេតុ ទើបមកលក់បន្ត ។
ពួកគាត់បាននិយាយបន្តទៀតថា ពេលមកដល់ពួកគាត់បានបោសសម្អាតកន្លែង ដើម្បីរៀបចំកន្លែងលក់ដូរដូចរាល់ដង និងកាយសំរាមដើម្បីដុត ក៏ស្រាប់តែកាយដោយឆ្អឹងភ្លៅ ហើយគាត់ក៏ទាញចេញ ក៏ដោយទាំងឆ្អឹងផាលត្រគាក និងឆ្អឹងផ្នែកផ្សេងទៀត ។ ខណៈនោះពួកគាត់មិនបានស្គាល់ច្បាស់ថា ជាឆ្អឹងមនុស្ស ឬក៏ជាឆ្អឹងសត្វនោះទេ តែសង្ស័យជាឆ្អឹងមនុស្ស ក៏បានស្រែកប្រាប់អ្នកជិតខាងឲ្យទៅជួយមើល បង្កឲ្យមានការភ្ញាក់ផ្អើល ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យមើលតែម្ដង ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅកាន់ទីនោះ ហើយបានរាយការណ៍ទៅកាន់នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅពិនិត្យជាក់ស្ដែង ។ ភ្លាមៗនោះនគរបាលការសន្និដ្ឋានជំហានដំបូង ដែលមិនទាន់ផ្លូវការថា ជាឆ្អឹងសពមនុស្ស ដែលសង្ស័យស្លាប់រលួយនៅក្នុងប្រឡាយនោះ ហើយត្រូវគ្រឿងចក្រកាយស្ដារប្រឡាយ ចំដាច់១កំណាត់ក្រោម ។
សមត្ថកិច្ច បានប្រាប់ឲ្យដឹងបន្តទៀត កាលពីពេលកន្លងមក អាជ្ញាធរបានប្រើគ្រឿងចក្រកាយស្ដារប្រឡាយនោះ ដើម្បីរំដោះទឹកកុំឲ្យលិចលង់នារដូវវស្សា ប៉ុន្តែភ្លាមៗនោះ ទំនងជាកាយមកដោយឆ្អឹងលាយឡំជាមួយភក់ ព្រមទាំងស្មៅ និងសំរាមផង ទើបពុំមានអ្នកមើលមិនឃើញឆ្អឹង និងមិនធំក្លិនស្អុយ ព្រោះទឹកប្រឡាយនោះស្អុយស្រាប់ហើយ ។ មិនតែប៉ុណ្ណោះ ពេលទើបតែកាយប្រឡាយរួច ភក់នៅសើម ស្មៅនៅមិនទាន់ស្វិតងាប់ ទើបប្ដីប្រពន្ធអ្នកលក់ប្រហិតខាងលើ មិនបានចាប់អារម្មណ៍ថា មានឆ្អឹងមនុស្សនៅទីនោះដែរ រហូតមកទល់និងពេលនេះភក់ស្ងួត ស្មៅស្វិតងាប់ និងសំរាមស្ងួត ហើយពួកគាត់កាយដុតទើបប្រទះឃើញឆ្អឹងនោះតែម្ដង ។
សមត្ថកិច្ចបានប្រាប់បន្ថែមទៀតថា បន្ទាប់មកនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យកោសល្យវិច័យទាំងយប់ ។ ខណៈនោះនគរបាលប្រមូលបានឆ្អឹងស្មងជើង២ ឆ្អឹងភ្លៅ២ និងឆ្អឹងត្រគាក២ ដែលជាឆ្អឹងសពមនុស្សប្រុស ប៉ុន្តែនគរបាលពុំបានបញ្ជាក់ថា តើជាករណីឃាតកម្មកាត់សពជា២កំណាត់ ។ បន្ទាប់មកយក១កំណាត់ក្រោម ទៅទម្លាក់ចោល ក្នុងទឹកប្រឡាយនោះ ឬទម្លាក់ចោលទាំងមូលហើយត្រូវគ្រឿងចក្រកាយដាច់១កំណាត់ក្រោម ឬក៏ជាករណីអ្វីផ្សេងទៀតនោះទេ ព្រោះពេលនេះកំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ៕











ចែករំលែកព័តមាននេះ