ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ កំពុង​ចុះ​ពិនិត្យ​ បន្ទាប់ពីអ្នក​សារព័ត៌មានរាយការណ៍​ថា​ មាន​ត្រី​ពុល​ងាប់​ក្នុង​ព្រែក​ត្រែង ក្នុងស្រុក​រតនៈ​មណ្ឌល

9 ម៉ោង មុន

ខេត្តបាត់ដំបង ៖ មន្ត្រី​ជំនាញ​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង កាលពីថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ បាន​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ស្រាវជ្រាវ…

ខេត្តបាត់ដំបង ៖ មន្ត្រី​ជំនាញ​ នៃ​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង កាលពីថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៦ បាន​សហការ​ជាមួយ អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ និង​ចាត់វិធានការ ដើម្បី​ទប់ស្កាត់​ការ​បំពុល​ទឹក​ព្រែក​ត្រែង ក្នុងភូមិ​សាស្ត្រ ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខេត្តបាត់ដំបង បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍ពី​អ្នក​សារព័ត៌មាន​ថា មាន​ករណី​ត្រី​ពុល និង​ងាប់​នៅ​ទីតាំង​ខាងលើ​។ ក្រុមការងារ​ជំនាញ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង ពិនិត្យ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់ រក​ប្រភព​បញ្ចេញ​សំណល់​រាវកន្លែង​សង្ស័យ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​គុណភាព​ទឹក និង​មាន​ត្រី​ពុល​ងាប់​ក្នុង​ព្រែក​ត្រែង​នេះ​ ។

បើតាមក្រសួងបរិស្ថានបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦​នេះ ក្រុមការងារ​កំពុង​បន្ត​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ខាងលើ​បន្ត​ទៀត និង​បាន​រក​ឃើញ​សំណាក​ត្រី​ងាប់​មួយ​ចំនួន​។ យោង​តាម​ការ​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង កន្លែង​មាន​ត្រី​ងាប់ និង​ទឹក​មាន​ធំ​ក្លិនស្អុយ ក្នុង​ព្រែក​ត្រែង ដែល​ស្ថិត​នៅ​ច​ចម្ងាយ ៦០០ម៉ែត្រ ផ្នែក​ខាងក្រោម​រោងចក្រ​កែ​ច្នៃ​ស្វាយ​ចំនួន​ពីរ ​។

ជាមួយ​គ្នា​នេះ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង មិន​បានឃើញ​មាន​ករណី​សង្ស័យ​ពី​ការ​លេច​ធ្លាយ ឬ​ការ​បញ្ចេញ​សំណល់​រាវ​ចូល​ទៅ​ក្នុង​អូ​ត្រែង​នៅឡើយ​ទេ ដោយសារ​ក្រុមហ៊ុន​ទាំង​២ បាន​រៀបចំ​ឱ្យ​មាន​អាង​ប្រព្រឹត្តិកម្ម​ទឹក​តាម​លក្ខណៈ​បច្ចេកទេស និង​នៅ​តំបន់​រោងចក្រ ទឹក​ដែល​បាន​បញ្ចេញ​មក​ក្រៅ មាន​ពណ៌​ថ្លា និង​ក៏​មិន​មាន​ក្លិនស្អុយ​ដែរ ​។

ទន្ទឹម​នឹង​នេះ ក្រុមការងារ​បាន​យក​សំណាក​ទឹក​ចំនួន​៥​ទីតាំង នៅ​ខ្សែទឹក​ខាងលើ និង​ខាងក្រោម និង​ចំណុច​ទឹកស្រះ​របស់​រោងចក្រ នៃ​ក្រុមហ៊ុន​កែ​ច្នៃ​ដំណាប់​ស្វាយ​ទាំង​ពីរ​២​កន្លែង គឺ​ក្រុមហ៊ុន​យូ​យូរ​ភី​ន និង​ក្រុមហ៊ុន​ប៉ៃ​ស៊ិ​ន​សេង ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្បែរ​កន្លែង​សង្ស័យរ ដើម្បី​បញ្ជូន​មក​មន្ទីរពិសោធន៍​របស់​ក្រសួងបរិស្ថាន​ ។

ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​បាន​ដាក់​ចេញ​វិធានការ ស្នើ​សុំ​ឱ្យ​អាជ្ញាធរ ធ្វើការ​ហាមឃាត់​ប្រជាពលរដ្ឋ ផ្អាក​ការ​ប្រើប្រាស់​ទឹក​ព្រែក​ត្រែង​មួយ​រយៈ និងកុំ​យក​ត្រី ​ដែល​ងាប់​ទៅ​បរិភោគ​។ ក្រុមការងារ​បាន​ណែនាំ​បន្ថែម​ដល់​ម្ចាស់​ទីតាំង​រោងចក្រ​ទាំង​២​ខាងលើ កុំ​បញ្ចេញ​សំណល់​រាវ​បំពុល​ទឹក​សាធារណៈ និង​អនុវត្ត​បទដ្ឋាន​បច្ចេកទេស​បរិស្ថាន​ឱ្យ​បាន​ត្រឹម​ត្រូវជា​ប្រចាំ​ ។

ក្រសួងបរិស្ថាន​ បាន​បញ្ជាក់​ជំហរ​ចំណាត់ការ​ផ្លូវច្បាប់​យ៉ាង​ម៉ឺងម៉ាត់ មិន​លើកលែង​ចំពោះ​ក្រុមហ៊ុន ឧស្សាហកម្ម ឬ​រោងចក្រ​ណា ដែល​បង្ក​ការ​បំពុល​ទឹក​សាធារណៈ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ