ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងជើងបង្កើនកម្តៅ! លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យផ្ទាល់ក្នុងការសាកល្បងមីស៊ីលបាលីស្ទីកបំពាក់ក្បាលគ្រាប់បែកចង្កោមជំនាន់ថ្មី

3 នាទី មុន

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រប្រភេទដីទៅដី ​ដែលត្រូវបានកែលម្អសមត្ថភាពឱ្យកាន់តែសាហាវជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ KCNA​…

ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងមីស៊ីលបាលីស្ទីកយុទ្ធសាស្ត្រប្រភេទដីទៅដី ​ដែលត្រូវបានកែលម្អសមត្ថភាពឱ្យកាន់តែសាហាវជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ KCNA​ នៅព្រឹកថ្ងៃចន្ទទី២០ ខែមេសានេះ។

បើតាមរបាយការណ៍ គោលបំណងសំខាន់នៃការសាកល្បងនេះ គឺដើម្បីផ្ទៀងផ្ទាត់លក្ខណៈបច្ចេកទេស និងឥទ្ធិពលបំផ្លិចបំផ្លាញនៃក្បាលគ្រាប់បែកចង្កោម​និងក្បាលគ្រាប់មីនបំបែកធាតុ ដែលត្រូវបានបំពាក់នៅលើមីស៊ីលយុទ្ធសាស្ត្រទាំងនោះ។ នៅក្នុងប្រតិបត្តិការនេះ មីស៊ីលចំនួន ៥ គ្រាប់ត្រូវបានបាញ់ឆ្ពោះទៅកាន់គោលដៅនៅលើកោះមួយដែលមានចម្ងាយប្រហែល ១៣៦ គីឡូម៉ែត្រ ដោយបានវាយប្រហារចំតំបន់គោលដៅដែលមានទំហំពី ១២.៥ ទៅ ១៣ ហិកតា ក្នុងកម្រិតដង់ស៊ីតេខ្ពស់បំផុត ដែលបង្ហាញពីអានុភាពប្រយុទ្ធដ៏គួរឱ្យភ័យខ្លាច។

លោក គីម ជុងអ៊ុន បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃការធ្វើតេស្តនេះ ដោយលោកបានបញ្ជាក់ថា ការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់នូវក្បាលគ្រាប់បែកចង្កោមចម្រុះប្រភេទនេះ នឹងអាចឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការសឹករបស់កងកម្លាំងប្រដាប់អាវុធជាតិ បានយ៉ាងមានប្រសិទ្ធភាព និងពេញលេញបំផុត។

ការសាកល្បងគ្រាប់រំសេវកម្រិតធ្ងន់របស់ទីក្រុងព្យុងយ៉ាងនាពេលនេះ កើតឡើងចំពេលដែលស្ថានការណ៍សន្តិសុខពិភពលោក កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ជាពិសេសគឺវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឡើងកម្ដៅខ្លាំងរវាងអាម៉េរិក និងអ៊ីរ៉ង់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ