ខេត្តបន្ទាយមានជ័យ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងប្រឡាយ នៅវេលាម៉ោង 4និង 10 នាទីរសៀលថ្ងៃទី 19 ខែមេសាឆ្នាំ 2026 នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា សាកសពបុរសម្នាក់ដែលសល់តែគ្រោងឆ្អឹង មិនស្គាល់អត្តសញ្ញាណនោះទេ ស្លៀកខោជើងវែង ពណ៌ខ្មៅ។
លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ នួន សា ភេទប្រុស អាយុ18ឆ្នាំ ជាអ្នករស់នៅភូមិកើតហេតុខាងលើ បានបញ្ចាក់ថា នៅអំឡុងខែមីនា ឆ្នាំ2026 វេលាម៉ោង12យប់ គាត់កំពុងនៅផ្ទះ ដែលស្ថិតនៅភូមិកើតហេតុខាងលើ ស្រាប់តែមានជនអនាថាម្នាក់ សម្បុរខ្មៅ សក់ខ្លី ស្លៀកខោជើងវែង ពណ៌ខ្មៅ អត់មានពាក់អាវទេ ដើរតាមផ្លូវតែម្នាក់ឯង មិនស្គាល់អត្តសញ្ញាណទេ រួចមកសុំទឹករបស់គាត់ផឹក ។ ដោយឃើញមានស្ថានភាពស្រវឹងខ្លាំង ពេលនោះគាត់ក៏បានឱ្យផឹកទឹក រួចបុរសអនាថារូបនោះដើរសំដៅទៅផ្លូវជាតិលេខ59 ខាងមុខទៀត រួចក៏បាត់តាំងពីពេលនោះមក លុះដល់ ថ្ងៃទី19 ខែមេសាឆ្នាំ 2026 វេលាម៉ោងប្រហែល4រសៀល គាត់ក៏បាន់់ឮដំណឹងថា មានមនុស្សស្លាប់ក្នុងប្រឡាយ ពួកគាត់ក៏នាំគ្នាទៅមើល ឃើញភិនភាគសពដូចបុរសដើរអនាថាមកសុំទឹកផឹកកាលពីខែមុន។
លោកវរៈសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅម៉ោង៤នឹង៣៤នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានពិនិត្យសព ទទួលបានលទ្ធផលដូចខាងក្រោម៖
-ផ្នែកក្បាល:ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ ។
-ផ្នែកដងខ្លួនសល់តែគ្រោងឆ្អឹងនឹងស្បែកបន្តិច។
-ផ្នែកអវៈយវៈ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ (បាត់ឆ្ងឹងដៃស្តាំម្ខាង សង្ស័យសត្វអូស)។
តាមការសន្និដ្ឋាន ពីលោកគ្រូពេទ្យកោសលវិច័យ ការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីជំនាញ តាមការបំភ្លឺសាក្សី និងព័ត៌មានប្រមូលបាន ។ សមត្ថកិច្ចសន្និដ្ឋានបឋមថា ជនរងគ្រោះសង្ស័យស្លាប់ដោយសារខ្វះអាហាររូបត្ថម្ភ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានបូជានៅនឹងកន្លែង រួចប្រគល់ជូនជូនអនុភូមិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយរក្សាទុកធាតុនៅវត្ត ៕

ចែករំលែកព័តមាននេះ